គិតត្រឹមខែមេសា កម្ពុជាជាប់លេខ៨ ជាប្រទេសមាន GDP ខ្ពស់ជាងគេ ក្នុងតំបន់អាស៊ាន

សង្គម​ និង​សេដ្ឋកិច្ច

គិតត្រឹមខែមេសា ឆ្នាំ២០២៤ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសមានផលិតផលក្នុងស្រុកសរុប(GDP)ខ្ពស់ជាងគេទី៨ ក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍។នេះបើតាមរបាយការណ៍មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍ IMF បានឱ្យដឹងថា គិតត្រឹមខែមេសា ឆ្នាំ២០២៤ ប្រទេសដែលមានផលិតផលក្នុងស្រុកសរុបខ្ពស់ជាងគេក្នុងតំបន់អាស៊ាន គឺប្រទេសសិង្ហបុរី ដែលមាន GDP សរុប ៨៨,៤៥០ដុល្លារ ខណៈប្រទេសដែលមានGDP ទាបជាងគេគឺប្រទេសមីយ៉ាន់ម៉ា មានតម្លៃ ១,២៥០ដុល្លារ។

បើតាមរបាយការណ៍ខាងលើបានបញ្ជាក់ថា ប្រទេសដែលមានផលិតផលក្នុងស្រុកសរុបស្ថិតនៅលេខរៀងទី២ គឺប្រទេសប្រុយនេ មានតម្លៃ ៣៥,១១០ដុល្លារ , លេខ៣ ប្រទេសម៉ាឡេស៊ី មានតម្លៃ ១៣,៣១០ដុល្លារ, លេខ៤ ប្រទេសថៃ មានតម្លៃ ៧,៨១០ដុល្លារ,លេខ៥ ប្រទេសឥណ្ឌូនេស៊ី ៥,២៧០ដុល្លារ, លេខ៦ ប្រទេសវៀតណាម ៤,៦២០ដុល្លារ, លេខ៧ ប្រទេសហ្វីលីពីន ៤,១៣០ដុល្លារ ខណៈកម្ពុជាលេខរៀងទី៨ មានតម្លៃ ២,៦៣០ដុល្លារ។ចំណែកប្រទេសមាន GDP លេខរៀងទី៩ ប្រទេសឡាវ ១,៩៨០ដុល្លារ, លេខ១០ប្រទេសទីម័ឡេស្ត ១,៤៥០ដុល្លារ និងទី១១ ប្រទេសមីយ៉ាន់ម៉ា ១,២៥០ដុល្លារ។

គួរបញ្ជាក់ថា ប្រទេសកម្ពុជាត្រូវបាន IMF ព្យាករណ៍ថា ឆ្នាំ២០២៤នេះ សេដ្ឋកិច្ចនឹងមានកំណើនក្នុងអត្រា ៦,១ ភាគរយ កើនពីចំនួន ៥,៣ ភាគរយ កាលពីឆ្នាំ ២០២៣ ដែលជំរុញដោយការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក ជាពិសេសប្រទេសចិន និងអាមេរិក។

ខណៈធនាគារពិភពលោក បានព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាថ្មីថា នឹងប្រសើរឡើងបន្តិច ពីកម្រិត ៥,៦% ក្នុងឆ្នាំ ២០២៣ ទៅ ៥,៨% នៅឆ្នាំ ២០២៤ ហើយនឹងអាចប្រសើរឡើងបន្ថែមទៀតនៅកម្រិត ៦,១% នៅឆ្នាំ ២០២៥ និង ៦,៤% នៅឆ្នាំ ២០២៦ ដោយសារការប្រសើរឡើងវិញលើការនាំចេញវិស័យកាត់ដេរ ទំនិញធ្វើដំណើរ និងស្បែកជើង រួមទាំងការងើបឡើងវិញនៃការមកដល់របស់ភ្ញៀវទេសចរ។

បើតាមរបាយការណ៍ការគ្រប់គ្រងថវិកាសម្រាប់ឆ្នាំ២០២៤ បានឱ្យដឹងថា កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៤ នឹងធ្វើឱ្យ ផសស ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ១៤២ ៩៥៧ ប៊ីលានរៀល, សមមូលនឹងប្រមាណ ៣៥ ១៦៨ លានដុល្លារ, ស្របពេលដែល ផសស សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថានឹងកើនឡើងដល់ ២ ០៧១ ដុល្លារ បើប្រៀបធៀបនឹង១ ៩១៧ ដុល្លារ ក្នុងឆ្នាំ ២០២៣៕