អ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ លាចាកសិក្ខាបទ ក្រោយសាងភ្នួសរយៈពេលជាង ១ខែ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ សហស្ថាបនិក និង​ជា​អគ្គនាយក​​​ក្រុមហ៊ុន​ អាយអិនជី ហូលឌីង គ្រុប (ING Group) បាន​លាចាកសិក្ខាបទ នៅព្រឹកថ្ងៃចន្ទ ទី០១ ខែកក្កដា ឆ្នាំ២០២៤ ក្រោយសាងភ្នួសរយៈពេល ៣២ថ្ងៃ នៅវត្តរាជបូណ៌ ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អំឡុងពេល​សាងភ្នួសរយៈពេលជាង ១ខែ​នេះ ព្រះភិក្ខុ ជោតញ្ញាណោ អុឹង ប៊ុនហ៊ូវ បានបដិបត្តិចម្រើនសមាធិ សមថកម្មដ្ឋាន និងកិច្ច​សាសនា ព្រមទាំងកិច្ចផ្សេងៗជាច្រើន ដើម្បីឧទ្ទិសមហាកុសលផលបុណ្យជូនចំពោះ ដួងវិញ្ញាណក្ខន្ធលោកឳពុក មហាសប្បុរសមង្គលសិរី អគ្គមហាឧបាសកពុទ្ឋសាសនូបត្ថម្ភក៍ លឹម ឈុន និង​បានជូនមហាកុសលផលបុណ្យជូនចំពោះអ្នកម្តាយ អ្នកម្តាយក្មេក និងក្រុមគ្រួសារ។

អ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ បានលើកឡើង កាលពីចុងខែមិថុនា ឆ្នាំ២០២៤ ថា​ការបួសជាភិក្ខុភាវៈ​រយៈពេល​ជាង០១ខែនេះ ជារៀងរាល់ថ្ងៃអ្នកឧកញ៉ាបានបដិបត្តិចម្រើនសមាធិ សមថកម្មដ្ឋាន សង្រួមកាយ វាចា និងចិត្ត។ លើសពីនេះ អ្នកឧកញ៉ា ក៏បានបំពេញកិច្ចសាសនា និងកិច្ចផ្សេងៗ​ជា​ច្រើន​ទៀត រួមទាំង​​ការ​ប្រគេនដីបន្ថែមទំហំ ២០០ហិកតា មានទីតាំងស្ថិតនៅភូមិដំណាក់កកោះ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដល់ពុទ្ធិកសាកល​វិទ្យាល័យព្រះសីហនុ។

សូមជម្រាបថា អ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ បានចូលសាងភ្នួស កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។ ជាមួយ​នឹងដំណើរសាងភ្នួសនេះ អ្នកឧកញ៉ា សូមថ្លែងអំណរព្រះគុណចំពោះសម្តេចព្រះ​ព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ដែលបានផ្តល់ព្រះឱវាទ ក្នុងនាមជាព្រះឧបជ្ឈាយ៍ និងបានផ្តល់​នូវសេនា​សេនៈរៀនសូត្រព្រះធម៌ ក្នុងរយៈពេលជាង០១ខែ៕