ឥណ្ឌូណេស៊ី ដាក់គោលដៅនាំចេញទុរេនទៅកាន់ទីផ្សារចិនឲ្យបានចំនួន ៨ពាន់លានដុល្លារ

អន្តរជាតិ

ឥណ្ឌូណេស៊ីគឺជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសជាអ្នកផលិត និងជាអ្នកនាំចេញផ្លែទុរេនដ៏ធំបំផុតរបស់ពិភពលោក ខណៈប្រទេសនេះក៏កំពុងដាក់គោលដៅពង្រីកទិន្នផលបន្ថែមទៀត ដើម្បីជម្រុញការនាំចេញផ្លែទុរេនរបស់ខ្លួនទៅកាន់ទីផ្សារប្រទេសចិនឲ្យបានចំនួន ៨ពាន់លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សារព័ត៌មាន VNExpress បានចុះផ្សាយថា រដ្ឋមន្ត្រីសម្របសម្រួល ទទួលបន្ទុកកិច្ចការសមុទ្រ និងវិនិយោគ លោក Luhut Binsar Pandjaitan បានសម្របសម្រួលកិច្ចសហប្រតិបត្តិការជាមួយភាគីចិន ដោយនិយាយថា ការនាំចេញផលិតផលផ្លែទុរេនទៅកាន់ចិន គួរតែឈានដល់ទំហំ ៨ពាន់លានដុល្លារ។ វិធានការដើម្បីអាចសម្រេចផែនការដ៏ច្រើនសម្បើមបែបនេះបាន លោក Luhut បានលើកឡើងថា រដ្ឋាភិបាលឥណ្ឌូណេស៊ីបានរៀបចំសហការ ជាមួយវិទ្យាស្ថាន Beijing Genomics ដើម្បីសិក្សាក្នុងការធានាឲ្យបាននូវការនាំចេញផ្លែទុរេន ដែលមានគុណភាពខ្ពស់។

គួរឲ្យដឹងថា ដំណាំទុរេនរបស់ឥណ្ឌូណេស៊ី ត្រូវបានដាំដុះលើផ្ទៃដីប្រហែល ១០០ហិកតា ដែលភាគច្រើននៅក្នុងខេត្ត North Sumantra និងខេត្ត  West Papua ។ លើសពីនោះ រដ្ឋាភិបាលក៏នឹងមានគម្រោងជំរុញការដាំដុះនៅតាមបណ្តាខេត្តជាច្រើនផ្សេងទៀត រួមទាំងខេត្ត Central Sulawesi ផងដែរ។

សូមជម្រាបថា កាលពីឆ្នាំមុនប្រទេសប្រជុំកោះមួយនេះ បានទទួលទិន្នផលផ្លែទុនកើនឡើងរហូតដល់ទៅ ១,៨៥លានតោន ខណៈជាង៥០% នៃចំនួនទាំងនេះ គឺមានការរួមចំណែកដ៏សំខាន់ពីកោះ Java ។ ភាគខាងកើតនៃខេត្ត Java ត្រូវបានគេរាយការណ៍មកថា ជាអ្នកផលិតផ្លែទុរេនដ៏ធំបំផុតរបស់ប្រទេស ពោលទទួលបានទិន្នផលរហូតដល់ទៅ ៤៨០ ០០០តោនកាលពីក្នុងឆ្នាំ២០២៣ ៕