នៅក្នុងប្រទេសម៉ាឡេស៊ី ក៏មានការផ្តល់ជូនគោរមងារស្រដៀងគ្នាទៅនឹងងារឧកញ៉ា អ្នកឧកញ៉ា និងលោកអ្នកឧកញ៉ា របស់ប្រទេសកម្ពុជា ផងដែរ ដោយក្នុងចំណោមគោរមងារកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតមួយចំនួនដែលត្រូវបានប្រគល់ជូនក្នុងប្រទេសម៉ាឡេស៊ីនោះ មានដូចជា Tun, Tan Sri ឬ Datuk ខណ:គោរមងារទាំងនេះ ត្រូវបានបែងចែកទៅតាមឋាន: និងមុខងារផ្សេងៗពីគ្នា។
សម្រាប់គោរមងារនេះ មានតែឋាន: Yang di-Pertuan Agong (ស្តេចម៉ាឡេស៊ី) ប៉ុណ្ណោះដែលមានសិទ្ធិផ្តល់ជូនបាន សម្រាប់បុគ្គលដែលត្រូវបានណែនាំដោយមន្ត្រីរដ្ឋាភិបាល ដើម្បីជារង្វាន់ ឬការសរសើរចំពោះការចូលរួមសាងស្នាដៃធំធេងដល់ប្រទេសជាតិ។
-គោរមងារ Tun
គោរមងារ Tun នេះមាននៅក្នុងសង្គមប្រពៃណីម៉ាឡេអស់រយ:ពេលរាប់រយឆ្នាំមកហើយ។ នៅសម័យបុរាណ Tun នេះគឺជាឋានន្តរស័ក្តិដែលប្រើដោយពួកអភិជនក្នុងត្រកូលរាជវង្ស និងប្រើបានសម្រាប់តែបុរសប៉ុណ្ណោះ។ លុះយូរៗទៅ Tun បានក្លាយជាគោរមងារដែលត្រូវបានប្រគល់ដោយឋាន:ក្សត្រ Yang di-Pertuan Agong ដល់អ្នកទទួលដែលស័ក្តិសមបំផុត និងបានរួមចំណែកយ៉ាងធំធេងដល់ប្រទេសជាតិ។ សម្រាប់ភរិយារបស់ Tun ត្រូវបានគេដាក់គោរមងារថាជា Toh Puan ។
-គោរមងារ Tan Sri
Tan Sri គឺជាឋានន្តរស័ក្តិសហព័ន្ធជាន់ខ្ពស់បំផុតលំដាប់ទី២ និងជាគោរមងារកិត្តិយសពិសេស ដែលត្រូវបានផ្តល់ជូនសម្រាប់អ្នកដែលទទួលបានមេដាយ Panglima Mangku Negara (មេបញ្ជាការលំដាប់នៃអ្នកការពារអាណាចក្រ) និងមេដាយ Panglima Setia Mahkota (មេបញ្ជាការលំដាប់នៃភាពស្មោះត្រង់ចំពោះក្សត្រម៉ាឡេស៊ី)។ សម្រាប់ភរិយារបស់ Tan Sri មានគោរមងារថា Puan Sri ។
-គោរមងារ Datuk
Datuk គឺជាគោរមងារកិត្តិយសមួយដែលត្រូវបានប្រគល់ជូនសម្រាប់ពលរដ្ឋទូទៅ ចាប់តាំងពីឆ្នាំ១៩៦៥ មក។ គោរមងារនេះ ផ្តល់ជូនសម្រាប់អ្នកដែលទទួលបានមេដាយ Panglima Jasa Negara និង Panglima Setia Diraja ដែលបានសាងស្នាដៃធំៗជូនជាតិ។ សម្រាប់ភរិយារបស់ Datuk ត្រូវបានដាក់គោរមងារថា Datin៕