លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានធ្វើការអំពាវនាវដល់សប្បុរសជនទាំងអស់ឱ្យបន្តជួយមន្ទីរពេទ្យគន្ធបុប្ផា ខណៈមន្ទីពេទ្យបានចំណាយថវិការហូត៤៣លានដុល្លារក្នុងមួយឆ្នាំៗ ដើម្បីព្យាបាលកុមារដោយឥតគិតថ្លៃ។
យោងតាមទំព័រហ្វេសប៊ុករបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ដើម្បីកុមារ ឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជា បានបិទបញ្ចប់ ជាមួយនឹងការបរិច្ចាគសរុបចំនួនជាង ៣,៣ លានដុល្លារ ពីសប្បុរសជនជាង២៥ម៉ឹននាក់។
ក្នុងនាមជាប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា លោកជំទាវ ក៏បានថ្លែងអំណរអរគុណដល់ជនរួមជាតិទាំងអស់ដែលបានចូលរួមបរិច្ចាគ នៅក្នុងអំឡុងពេលយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ នេះ ព្រោះបានឆ្លុះបញ្ចាំងពីចលនាជាតិមួយដ៏សំខាន់ក្នុង “ស្មារតីខ្មែរជួយខ្មែរ ”។
ជាមួយគ្នានេះ លោកជំទាវបន្តថា៖«ទោះបីជាយុទ្ធនាការនេះ ត្រូវបិទបញ្ចប់នៅថ្ងៃនេះមែន តែមូលនិធិគន្ធបុប្ផាកម្ពុជានៅតែបន្តបេសកកម្មកៀគរការបរិច្ចាគជាប្រចាំ ព្រោះថាមន្ទីរពេទ្យគន្ធបុប្ផាត្រូវការថវិកាចំណាយចំនួនប្រមាណ ១២ ម៉ឺនដុល្លារ ក្នុងមួយថ្ងៃៗ ឬស្មើនឹងប្រមាណ ៤៣លានដុល្លារ ក្នុងមួយឆ្នាំៗ ដើម្បីរក្សានិរន្តភាពនៃកិច្ចដំណើរការក្នុងបេសកកម្មផ្ដល់ការពិនិត្យ និងព្យាបាលជំងឺដល់ទារក និងកុមារ ព្រមទាំងស្រ្តីមានផ្ទៃពោះរាប់លានករណីក្នុងមួយឆ្នាំៗ ប្រកបដោយគុណភាព, ឥតថ្លៃ និងមិនមានការរើសអើង»។
ក្នុងន័យនេះ លោកជំទាវក៏សូមលើកទឹកចិត្តដល់ជនរួមជាតិទាំងអស់ ឱ្យបន្តនូវទឹកចិត្តសប្បុរស និងវប្បធម៌ចែករំលែកដ៏ថ្លៃថ្លានេះ ដើម្បីក្ដីសង្ឃឹម និងភាពញញឹមរបស់ទារក និងកុមារ នៅកម្ពុជា៕