ក្រុមហ៊ុនរបស់កាណាដា កំពុងពិនិត្យរកឱកាសវិនិយោគលើវិស័យធំៗចំនួន៥ នៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

តំណាងក្រុមហ៊ុន LEE LI Holdings ដែលជាក្រុមហ៊ុនឯកជនមួយរបស់ប្រទេសកាណាដា​ បានមកទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីសិក្សាស្វែងយល់ និងពិភាក្សាការងារជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យរកឱកាសវិនិយោគនៅកម្ពុជា លើវិស័យសក្តានុពលចំនួន៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមជំនួបពិភាក្សាការងាររវាងលោកស្រី Hunter Lam តំណាងក្រុមហ៊ុន LEE LI Holdings និងលោក Michael Chan អភិបាលរងក្រុង Markham ប្រទេសកាណាដា ជាមួយលោក ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល កាលថ្ងៃទី ៣ ខែកក្កដា​ ឆ្នាំ២០២៤។

នាឱកាសនោះ លោកស្រី Hunter Lam តំណាងក្រុមហ៊ុនកាណាដា បានស្នើសុំការអនុញ្ញាតឱ្យក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនមកធ្វើការសិក្សាលម្អិតប្រព័ន្ធសុខាភិបាល សិក្សាលទ្ធភាព និងពិនិត្យរកឱកាសវិនិយោគលើវិស័យសុខាភិបាល នៅពេលខាងមុខ។

លោកស្រីក៏បានថ្លែងអំណរគុណដល់ក្រសួង ដែលបានផ្តល់ឱកាសឱ្យគណៈប្រតិភូរបស់លោកស្រីបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅក្នុងឱកាសបំពេញទស្សនកិច្ចសិក្សា ស្វែងយល់ឱកាសវិនិយោគនៅកម្ពុជា លើវិស័យសក្តានុពលមួយចំនួន រួមមាន៖ ១. វិស័យឧស្ម័ន និងប្រេង២. វិស័យសុខាភិបាល.៣.មជ្ឈមណ្ឌលវាយតម្លៃទទួលស្គាល់សម្រាប់ការនាំចេញ ៤. វិស័យកែច្នៃចំណីអាហារ និងឡូជីស្ទីក និង ៥. វិស័យយានយន្ត។

ការឆ្លើយតប លោក ឡឹម តារា បានថ្លែងអំណរគុណ និងបញ្ជាក់ជំហររបស់ក្រសួងសុខាភិបាល គាំទ្រជំនួយពីដៃគូ និងសប្បុរសជន រួមទាំងការវិនិយោគពីផ្នែកឯកជន ដែលរួមចំណែកលើកកម្ពស់គុណភាពសេវាសុខាភិបាល ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។លោក ក៏បានស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពបន្ថែមកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាលផងដែរ។

គួរបញ្ជាក់ដែរថា បើតាមលោកស្រីតំណាងក្រុមខាងលើ បានជម្រាបជូនអង្គប្រជុំថា កន្លងមកក្រុមហ៊ុនរបស់កាណាដាមួយនេះ មានបទពិសោធន៍វិនិយោគលើមន្ទីរពេទ្យឯកជន និងសហការវិនិយោគជាមួយមន្ទីរពេទ្យសាធារណៈរបស់រដ្ឋ លើផ្នែករូបភាពវេជ្ជសាស្ត្រដូចជា CT Scan, MRI, Ultrasound, Mammography, Laboratory equipment។ល។ នៅប្រទេសមួយចំនួនរួចមកហើយ៕ អត្ថបទ៖ រង្សី