គម្រោងស្ដារនិងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ ប្រវែងសរុប ៥៣,៥៣ គីឡូម៉ែត្រ គិតចាប់ពីបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣ សម្រេចបាន៩៥,៣៨%ហើយ គិតត្រឹមបំណាច់ខែមិថុនា ឆ្នាំ២០២៤នេះ។
ក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា បើគ្មានការប្រែប្រួលទេ គម្រោងខ្សែផ្លូវដ៏សំខាន់នេះ នឹងសម្រេចមុនកិច្ចសន្យាមួយឆ្នាំ ដោយធានាកម្រិតគុណភាពតាមស្តង់ដារបច្ចេកទេសខ្ពស់។
ក្រសួងបានបន្ថែមថា បើយោងតាមរបាយការណ៍វឌ្ឍនភាពបានឱ្យដឹងថា ការងារអ៊ុតកៅស៊ូបេតុង AC ទាំង២ស្រទាប់ បានបញ្ចប់១០០ភាគរយ ចំណែកឯការងារបំពាក់សម្ភារសុវត្តិភាពចរាចរណ៍(គំនូសចរាចរណ៍ ផ្លាកសញ្ញា ផ្លាកបង្ហាញទិសផ្លូវ របារ-Guardrail និងការងារចាំបាច់ផ្សេងៗជាសំណូមពរក្រុមការងារ និងប្រជាពលរដ្ឋរស់នៅសងខាងផ្លូវ) ពោលគឺគ្រោងនឹងបញ្ចប់នៅចុងខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។
សូមជម្រាបដែរថា ផ្លូវជាតិលេខ៣១ ដែលមានប្រវែងសរុបជិត ៥៤គីឡូម៉ែត្រ ចាប់ពីបែកគុស (ចំណុចប្រសព្វផ្លូវជាតិលេខ៣) ទៅដល់ទីរួមស្រុកកំពង់ត្រាច (ចំណុចតភ្ជាប់ទៅ ផ្លូវជាតិលេខ៣៣) កំពុងដំណើរការស្តារ និងលើកកម្រិតគុណភាព បន្ទាប់ពីបើកការដ្ឋានកាលពីខែធ្នូ ឆ្នាំ២០២២កន្លងទៅ ផ្លូវនេះកំពុងអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន។
ចំពោះផ្លូវជាតិលេខ៣១ ចំណាយថវិកាប្រមាណជាង ៦០លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់និងពន្ធអាករផ្សេងៗ៕ អត្ថបទ៖ រង្សី