BYD បើកសម្ពោធរោងចក្រផលិតរថយន្តអគ្គិសនីដំបូងបំផុត នៅតំបន់អាស៊ីអាគ្នេយ៍

អន្តរជាតិ

ក្រុមហ៊ុនផលិរថយន្តអគ្គិសនីខ្នាតយក្សរបស់ប្រទេសចិន BYD នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដានេះ បានបើកសម្ពោធរោងចក្រផលិលតរថយន្តអគ្គិសនីដំបូង នៅក្នុងប្រទេសថៃ ហើយក៏ជារោងចក្រដំបូងបំផុតរបស់ខ្លួន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន BYD លោក Wang Chuanfu បាននិយាយនៅក្នុងពិធីបើកសម្ពោធរោងចក្រនេះថា ប្រទេសថៃមានចក្ខុវិស័យទៅលើរថយន្ត EV ច្បាស់លាស់ ហើយកំពុងឈានចូលយុគសម័យថ្មីនៃការផលិតរថយន្តប្រភេទនេះ។ យើងនឹងប្តេជ្ញាក្នុងការនាំយកបច្ចេកវិទ្យារបស់ប្រទេសចិន ចូលមកកាន់ប្រទេសថៃ។

រោងចក្រថ្មីរបស់ក្រុមហ៊ុន BYD នេះ គឺជាផ្នែកមួយនៃការវិនិយោគដែលមានតម្លៃដល់ជាង ១,៤៤ពាន់លានដុល្លារ របស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីលំដាប់កំពូលចិន ស្របពេលរដ្ឋាភិបាលរបស់ប្រទេសថៃ ក៏បានជួយវិញតាមរយ:ការឧបត្ថម្ភធន និងការលើកទឹកចិត្តពន្ធ ផងដែរ។

រំលឹកផងដែរថា ផែនការសាងសង់រោងចក្រដែលមានតម្លៃ ៤៩០លានដុល្លារ នៅក្នុងខេត្ត Rayong ភាគខាងកើតប្រទេសថៃ ត្រូវបានប្រកាសកាលពី ២ឆ្នាំមុន ជាមួយនឹងសមត្ថភាពផលិតរថយន្តអគ្គិសនីបានចំនួន ១៥០ ០០០ គ្រឿងក្នុងមួយឆ្នាំ រួមទាំងរថយន្តប្រភេទ Plug-in Hybrid ផងដែរ ដោយរោងចក្រនេះនឹងផ្តល់ការងារដល់កម្មករក្នុងស្រុកប្រហែល ១០ ០០០ នាក់ ។

ជម្រាបជូនផងដែរថា ប្រទេសថៃគឺជាមជ្ឈមណ្ឌលដំឡើង និងនាំចេញរថយន្តដ៏ធំបំផុតមួយនៅក្នុងតំបន់ ខណ:បច្ចុប្បន្នកំពុងមានការប្រកួតប្រជែងខ្លាំង ជាពិសេសក្រុមហ៊ុនផលិតរថយន្តអគ្គិសនី​ នៅពេលដែល BYD ក៏មានគូប្រជែងក្នុងស្រុក ដូចជា Tesla និង Great Wall Motor ដែលមានរោងចក្រផលិតនៅក្នុងប្រទេសថៃ ផងដែរ៕