កាលពីព្រឹកថ្ងៃទី២ ខែកក្កដាកន្លងទៅ មានហេតុការណ៍អគ្គីភ័យមួយ បានឆាប់ឆេះយ៉ាងសន្ធោសន្ធៅនៅឯកន្លែងផលិតនាវាកម្សាន្ត Lurssen ដ៏ល្បីល្បាញរបស់ប្រទេសអាល្លឺម៉ង់ ក្នុងទីក្រុង Schacht-Audorf ដោយបានបំផ្លិចបំផ្លាញទីតាំងផលិត រួមជាមួយនាវាដ៏ប្រណីតមួយដែលត្រូវបានគេរាយការណ៍ថាមានតម្លៃរហូតដល់ទៅ ៤០០លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន DMarge។
នាវាដ៏ទំនើប និងប្រណីតបំផុតមានតម្លៃជិតកន្លះពាន់លានដុល្លារ ដែលត្រូវបានឆាបឆេះខ្ទេចខ្ទីស្ទើតែទាំងស្រុង នៅក្នុងហេតុការណ៍អគ្គីភ័យនោះ ត្រូវបានគេរាយការណ៍មកថាជារបស់មហាសេដ្ឋីប្រទេសអារ៉ាប៊ីសាអូឌីតម្នាក់ ដែលមិនត្រូវបានគេបញ្ចេញឈ្មោះឲ្យដឹងនៅឡើយទេ។
គួរឲ្យដឹងផងដែរថា គ្រោះអគ្គីភ័យនេះបានផ្ទុះឡើងនៅវេលាម៉ោងប្រហែល ៩ និង ២០នាទីព្រឹក (ម៉ោងក្នុងស្រុក) បន្ទាប់ពីកម្មករបានឃើញមានផ្សែងហុយ និងក្រោយមកកើតជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅក្នុងសាលចតទុកនាវា។
ឧបទ្ទវហេតុនេះបានបន្សល់ទុកនូវផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រតិបត្តិការរបស់ក្រុមហ៊ុន Lurssen និងសុវត្ថិភាពរបស់កម្មករ ខណ:មូលហេតុនៃការឆាបឆេះនេះ នៅមិនទាន់ដឹងច្បាស់នៅឡើយ ដោយនឹងរង់ចាំការស៊ើបអង្កេតបន្ត។
ជម្រាបជូនផងដែរថា Lurssen ជាក្រុមហ៊ុនដ៏ល្បីឈ្មោះ និងចំណាស់បំផុតមួយ នៅក្នុងការសាងសង់ប្រភេទនាវាកម្សាន្តដ៏ប្រណីត ជូនដល់មហាសេដ្ឋីលំដាប់កំពូលៗជាច្រើន ដោយក្រុមហ៊ុននេះបានបើកដំណើរការចាប់តាំងពីឆ្នាំ១៨៧៥ មកម្លេះ៕