Soccer League 2024 ជាពានរង្វាន់បាល់ទាត់ដ៏ធំមួយនៅកម្ពុជា ដែលរៀបចំដោយ សហភាពសហពន្ធ័យុវជនកម្ពុជា ឬហៅកាត់ថា ស.ស.យ.ក នឹងមកដល់វគ្គផ្តាច់ព្រ័ត្រ នៅល្ងាចថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៥ល្ងាច រវាងក្រុមបាល់ទាត់ ខ្មែរ យូណាយធីត (KHMER UNITED FC) លេងទល់ជាមួយក្រុមបាល់ទាត់ TOFU ARMY FT នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ថ្ងៃនេះ Oknha News សូមណែនាំឱ្យស្គាល់ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ជាស្ថាបនិក និងជាប្រធាន KHMER UNITED FC។
កាលពីចុងខែមីនា ឆ្នាំ២០២៤ ឧកញ៉ាបណ្ឌិត គីម ហ៊ាង ស្ថាបនិក ប្រធានក្រុម និងជាខ្សែប្រយុទ្ធលេខ១០ របស់ក្រុមបាល់ទាត់ Khmer United បានប្រកាសនៅលើទំព័រហ្វេសប៊ុកថា លោកនឹងចូលរួមលេងពានរង្វាន់បាល់ទាត់ Soccer League លើកទី៧ ឆ្នាំ២០២៤នេះ និងប្តេជ្ញាយកលេខ១ ឱ្យបានក្នុងនាមជាកីឡាករវ័យ ៤៥ឆ្នាំ។ យ៉ាងណាមិញ ក្រោយការប្រកួតដ៏ស្វិតស្វាញជាច្រើនសប្តាហ៍ ទីបំផុតក្រុមរបស់លោកឧកញ៉ា បានឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រហើយ និងកំពុងមានសង្ឃឹមខ្ពស់ថានឹងអាចក្លាយជាម្ចាស់ពាននៅឆ្នាំនេះ។
បន្ទាប់ពីក្រុមរបស់ខ្លួនបានកក់កៅអីឡើងទៅវគ្គផ្តាច់ព្រ័ត្រ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានថ្លែងឱ្យដឹងក្នុងបទសម្ភាសន៍ថា៖ “ពេលដែលយើងឆ្លងមកដល់វគ្គផ្តាច់ព្រ័ត្រនេះ គឺយើងមានសង្ឃឹមច្រើនហើយ។ ក្រុមដែលឡើងមកជាមួយយើងក៏ជាក្រុមខ្លាំងដែរ ប៉ុន្តែទំនុកចិត្តដែលខ្ញុំមាន គឺខ្ញុំទុកចិត្តលើកីឡាកររបស់ខ្ញុំ ១០០%”។
សូមជម្រាបថា បច្ចុប្បន្នលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង គឺជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត (Khmer Real Estate Co., Ltd) ដែលធ្វើអាជីវកម្មផ្នែក ទិញ លក់ ជួល និងវាយតម្លៃអចលនទ្រព្យគ្រប់ប្រភេទ។ លោកឧកញ៉ា ក៏ជានាយកប្រតិបត្តិរបស់បុរី វិមានសំណាង (Borey Vimean Samnang) ដែលជាលំនៅដ្ឋានលំដាប់អភិជន លើផ្ទៃដី ២៥ហិកតា មានជិត ៤០០វីឡា ខាងជើងក្រសួងដែនដី ២៥០០ម៉ែត្រ។
លើសពីនេះ លោកឧកញ៉ាបណ្ឌិត ជានាយកប្រតិបត្តិរបស់ KW Cambodia ដែលមានប្រភពមកពីអាមេរិក មាននៅលើ ៥ទ្វីប ជាង ៥២ប្រទេស និងមានក្រុមការងារជាង ២សែននាក់នៅលើពិភពលោក ព្រមទាំងមានតួនាទីជា នាយកប្រតិបត្តិរបស់បុរី ខេអេស រ៉េស៊ីដេន (Borey KS Residence) ដែលជាលំនៅដ្ឋានសម្រាប់គ្រួសារវ័យក្មេងកម្ពុជា ស្ថិតនៅកៀនស្វាយ ខាងកើតស្ពានច្បារអំពៅ ១០គីឡូម៉ែត្រ។ ទទឹមនឹងនេះ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ជាស្ថាបនិកក្លិបបាល់ទាត់ Khmer United FC ជាក្លិបបាល់ទាត់ពាក់កណ្តាលអាជីព ដែលបានបង្កើតឡើងតាំងពីឆ្នាំ២០១១ ហើយកំពុងត្រៀមចូលលេងលីកកំពូលកម្ពុជាក្នុងថ្ងៃអនាគតផងដែរ៕