ក្នុងមួយថ្ងៃៗ ភ្ញៀវទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរប្រមាណ១,៣០០ នាក់ ទៅ ១,៧០០ នាក់ ខណៈជើងហោះហើរចូលមកកាន់ខេត្តសៀមរាបមានចន្លោះពី ១៤-១៩ ជើងហោះហើរក្នុងមួយថ្ងៃ។នេះបើតាមក្រសួងទេសចរណ៍ឱ្យដឹង កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤។
ក្រសួងទេសចរណ៍ បានបន្តថា ក្នុងនោះមានជើងហោះហើរមកពីបាងកក (៥-៦ ជើងក្នុងមួយថ្ងៃ) ហូជីមីញ (៣ ជើងក្នុងមួយថ្ងៃ) ដាណាង(១ ជើងក្នុងមួយថ្ងៃ) ហាណូយ (២ ជើងក្នុងមួយថ្ងៃ) កូឡាឡាំពួរ (១ ជើងក្នុងមួយថ្ងៃ) សិង្ហបុរី (១ជើងក្នុងមួយថ្ងៃ) ភ្នំពេញ (២ជើងក្នុងមួយថ្ងៃ) និងក្រុងព្រះសីហនុ (១ជើងក្នុងមួយថ្ងៃ) ។
លោក តុប សុភ័ក្រ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានលើកឡើងនៅលើបណ្តាញហ្វេសហ៊ុកផ្ទាល់ខ្លួននៅថ្ងៃទី៤ កក្កដាថា «ស្ថានភាពទេសចរណ៍មិនមែនស្ងាត់ជ្រងំនោះទេ គ្រាន់តែមិនទាន់បានគគ្រឹកគគ្រេងដូចមុនវិបត្តិកូវីដ១៩។ យើងទាំងអស់គ្នា សុទ្ធតែមានចំណែកនៅក្នុងការចូលរួមទាក់ទាញទេសចរ ដើម្បីកំណើនសេដ្ឋកិច្ចគ្រួសារ សហគមន៍ និងសេដ្ឋកិច្ចជាតិ»។
សូមជម្រាបជូនថា ក្នុងរយៈពល៦ខែ ចាប់ពីខែមករា ដល់ខែខែមិថុនា ឆ្នាំ២០២៤ ភ្ញៀវទេសចរទិញសំបុត្រចូលទស្សនាអង្គរមាន៥២១ ៩៥០នាក់ កើនឡើងជាង៣៥ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ និងទទួលបានប្រាក់ចំណូល ២៤ ៣៥៧,៦៩៥ ដុល្លារ កើនឡើងជិត៣៦ភាគរយ បើធៀបនឹងឆ្នាំ២០២៣។
គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ ប្រាសាទអង្គរវត្ត បានស្ថិតនៅលំដាប់លេខ ២ ក្លាយជាគោលដៅទេសចរណ៍ទាក់ទាញល្អបំផុតនៅតំបន់អាស៊ី៕
រូបភាព៖ ក្រសួងទេសចរណ៍