ចំណតផែថ្មីប្រវែង ២៥៣ ម៉ែត្រ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ផ្តើមប្រតិបត្តិការផ្ទេរ-ផ្ទុកកុងតឺន័រ ជាលើកដំបូង

សង្គម​ និង​សេដ្ឋកិច្ច

នៅចំណតផែកុងតឺន័រថ្មីប្រវែង ២៥៣ ម៉ែត្រ ដែលស្ថិតក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវបានចាប់ផ្តើមប្រតិបត្តិការផ្ទេរ-ផ្ទុកកុងតឺន័រ ជាលើកដំបូង បន្ទាប់ពីចំណតផែកុងតឺន័រថ្មី បានធ្វើការកែសម្រួលពី ចំណតផែទំនិញទូទៅរួចមក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមហ្វេសប៊ុករបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ចំណតផែកុងតឺន័រថ្មី ប្រវែង ២៥៣ ម៉ែត្រ (កែសម្រួលពីចំណតផែទំនិញទូទៅ) បានធ្វើប្រតិបត្តិការផ្ទេរ-ផ្ទុកកុងតឺន័រ ជាលើកដំបូង ជាមួយនឹងការចូលចតនៃ នាវាកុងតឺន័រ គិតចាប់តាំងពីពេលវេលាបញ្ចប់ការដ្ឋានសាងសង់កែសម្រួលមក។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានចាត់ទុកថា ប្រតិបត្តិការផ្ទេរ-ផ្ទុកកុងតឺន័រ ជាលើកដំបូងនាពេលនេះ គឺបានបង្ហាញភាពពីរីកចម្រើន និងការអភិវឌ្ឍរបស់កំពង់ផែ។

សូមរម្លឹកដែរថា បើយោងតាមការបញ្ជាក់របស់ លោក ថៃ ឬទ្ធី អគ្គនាយករងសារជីវកម្មកំពង់ផែស្វយ័តព្រះសីហនុ ថ្លែងប្រាប់ប្រព័ន្ធក្នុងស្រុក កាលពីពេលថ្មីៗនេះថា គិតត្រឹមរយៈពេល៤ខែ ដើមឆ្នាំ២០២៤  ពោលគឺគិតចាប់ពីខែមករា ដល់ខែមេសា កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជាង ៣៥លានដុល្លារ ពីការធ្វើអាជីវកម្មទំនិញនាំចេញ-នាំចូលប្រមាណជាង ៣លានតោន។

លោកបន្ថែមទៀតថា កំណើននៃអាជីវកម្មនៅកំពង់ផែនាពេលនេះ គឺឆ្លុះបញ្ចាំងឱ្យឃើញពីកំណើនសេដ្ឋកិច្ចជាតិ ព្រោះកំពង់ផែមួយនេះគឺជាមាត់ច្រកសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា ក្នុងការដឹកជញ្ជូនទំនិញ និងភ្ជាប់កម្ពុជាទៅកាន់បណ្តារប្រទេសជុំវិញពិភពលោក។

ជាងនេះទៅទៀត លោកក៏បានបញ្ជាក់ពីវឌ្ឍនភាពនៃគម្រោងសាងសង់ផែកុងតឺន័រ ទឹកជ្រៅថ្មី ជំហាន១ មានប្រវែង៣៥០ម៉ែត្រ ជម្រៅ១៤.៥ម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីសម្តេចធិបតី ហ៊ុន ម៉ាណែត កន្លងទៅនេះថា បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលតេស្ដដីស្ទង់ជម្រៅទឹក ចល័តគ្រឿងចក្រ វិស្វករ និងការិយាល័យ ដោយសម្រេចបានប្រមាណ ២% ហើយ។ គម្រោងនេះ នឹងត្រូវប្រើរយៈពេល៣៦ខែ សម្រាប់ការសាងសង់ ដោយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ ខាងមុខផងដែរ៕ អត្ថបទ៖ រង្សី