ពីមេធាវីធម្មតាម្នាក់ លោក Keir Starmer ក្លាយជាអនាគតនាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស

អន្តរជាតិ

លោក Keir Starmer នឹងឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីនៃចក្រភពអង់គ្លេស បន្ទាប់ពីគណបក្សប្រឆាំង Labour របស់លោក ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតសកល ដែលទើបតែនឹងបញ្ចប់នៅថ្ងៃសុក្រនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គណបក្ស Labour របស់លោក Keir បានយកឈ្នះអាសន:ភាគច្រើនលើសពី ៣២៦ អាសន: នៅក្នុងរដ្ឋសភាអង់គ្លេស ដែលមានអាសន:សរុបចំនួន ៦៥០។ នេះមានន័យថា បក្ស Labour នឹងបញ្ចប់ការគ្រប់គ្រងអំណាចរយ:ពេល ១៤ឆ្នាំរបស់គណបក្ស Conservative ដែលដឹកនាំដោយលោក Rishi Sunak ក្រោយទទួលបានត្រឹម ១៣១អាសន:ប៉ុណ្ណោះ ក្នុងការបោះឆ្នោតកន្លងទៅនេះ។

ជុំវិញភាពជោគជ័យដ៏ធំសម្បើមនេះ តើលោក Keir Starmer ជានរណា?

លោក Keir Starmer កើតនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៦២ នៅទីក្រុងឡុងដ៍។ លោកបានធំធាត់ឡើងនៅទីក្រុង Oxted ដែលមានម្តាយជាជាគិលានុបដ្ឋាយិកា និងឪពុកជាអ្នកផលិតឧបករណ៍ប្រើប្រាស់ក្នុងរោងចក្រមួយ។

ទោះបីជាប្រឈមមុខជាមួយនឹងជីវភាពខ្វះខាត រួមទាំងម្តាយមានជំងឺប្រចាំកាយផងនោះ​ លោក Starmer បានប្រឹងប្រែង​តស៊ូ​រហូតបានចូលរៀននៅក្នុងសកលវិទ្យាល័យ Leeds ដើម្បីសិក្សាទៅលើផ្នែកច្បាប់ ហើយលោកគឺជាមនុស្សដំបូងគេក្នុងគ្រួសារដែលបានចូលរៀននៅក្នុងសកលវិទ្យាល័យ។

ក្រៅពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រច្បាប់ពីសាកលវិទ្យាល័យ Leeds ក្នុងឆ្នាំ១៩៨៥ លោក Starmer ក៏ទទួលបានបរិញ្ញាបត្រផ្នែកច្បាប់ស៊ីវិល នៅសាកលវិទ្យាល័យ Oxford ក្នុងឆ្នាំ១៩៨៦ ផងដែរ។

លោក Starmer បានចាប់ផ្តើមធ្វើការជាមេធាវីដំបូង នៅក្នុងឆ្នាំ១៩៨៧ ដោយអំឡុងពេលនោះ លោក បានចំណាយពេលជាច្រើន ក្នុងការប្រឹក្សាផ្នែកច្បាប់ដោយឥតគិតថ្លៃ ដើម្បីការពារប្រជាជនសាមញ្ញ ប្រឆាំងនឹងអ្នកមានអំណាច។ បន្ទាប់ពីនោះ Starmer បានក្លាយជាទីប្រឹក្សាផ្នែកច្បាប់របស់ក្រុមប្រឹក្សាប៉ូលីសអៀរឡង់ខាងជើង ដោយបម្រើការទីនោះអស់រយៈពេលប្រាំឆ្នាំ។

ក្នុងឆ្នាំ២០០៨ អគ្គមេធាវីនៃប្រទេសអង់គ្លេស និងវេលស៍ បានសម្រេចតែងតាំង លោក Starmer ជាប្រធានថ្មីនៃសេវាកាត់ទោស Crown Prosecution Service និងជានាយកនៃរដ្ឋអាជ្ញាសាធារណៈ។ ក្នុងអំឡុងពេលកាន់តំណែងនៅក្នុងតួនាទីនេះ Starmer បានសាងស្នាដៃធំៗជាមួយនឹងការដោះស្រាយរឿងក្តីសំខាន់ៗ ជាច្រើន និងជាពិសេសការយកចិត្តទុកដាក់ទៅលើសិទ្ធិមនុស្ស នៅក្នុងប្រព័ន្ធច្បាប់។

នៅក្នុងខែធ្នូ ឆ្នាំ២០១៤ លោក Starmer ត្រូវបានជ្រើសរើស ដើម្បីធ្វើជាបេក្ខជនសភាអនាគតរបស់គណបក្ស Labour បន្ទាប់ពីមានការលាលែងចេញពីតំណែងរបស់សមាជិកសភា លោក Frank Dobson ដែលកំពុងប្រកាសចូលនិវត្តន៍។

ក្រោយមក លោក Starmer ត្រូវបានជាប់ឆ្នោតជាលើកដំបូង នៅក្នុងសភាក្នុងឆ្នាំ២០១៥ ជាមួយវ័យ ៥២ឆ្នាំ។ លោកបានចូលបម្រើការជាសមាជិកសមាជិកសភាប្រចាំតំបន់ Holborn និង St Pancras ជាកន្លែងដែលលោកបានចំណាយពេលរស់នៅជាច្រើនឆ្នាំ ជាមួយគ្រួសាររបស់លោក។

លោក Starmer ក៏ត្រូវបានតែងតាំងជារដ្ឋមន្ត្រីអន្តោប្រវេសន៍ស្រមោល (ចន្លោះឆ្នាំ២០១៥-២០១៦) និងជារដ្ឋលេខាធិការស្រមោលសម្រាប់ការចាកចេញពីសហភាពអឺរ៉ុប (ចន្លោះពីឆ្នាំ២០១៦-២០២០) ។ នៅខែមេសា ឆ្នាំ២០២០ លោក Starmer ត្រូវបានជ្រើសរើសជាប្រធានគណបក្សប្រឆាំង Labour។

យោងតាមគេហទំព័រ Prolific London បានបង្ហាញឲ្យដឹងថា លោក Starmer មានទ្រព្យសម្បត្តិសរុបចន្លោះពី ១៣លានដុល្លារ ទៅ ១៩លានដុល្លារ ប្រសិនបើគិតទាំងចំណូលផ្សេងៗក្នុងគណនី និងដីធ្លីដែលលោកបានកាន់កាប់ ចាប់តាំងពីឆ្នាំ១៩៩៦​ មក៕