អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយាល់ គ្រុប បានរៀបចំពិធីសម្ពោធ អគារ រ៉ូយ៉ាល់ គ្រុប ផ្លាទីនីម ខុនដូ (Royal Group Platinum Condominium) ដែលមានកម្ពស់២៨ជាន់ វិនិយោគឡើងក្នុងទំហំទឹកប្រាក់ប្រមាណ ១០០លានដុល្លារ នៅខណ្ឌទួលគោក រាជធានីភ្នំពេញ ជាផ្លូវការ កាលពីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមិញនេះ ក្រោមអធិបតីភាព លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ពិធីសម្ពោធខាងលើនេះ ក៏មានការអញ្ជើញចូលរួមពី អ្នកឧកញ៉ា ម៉ៅ ចំណាន អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយាល់ គ្រុប និងជាភរិយារបស់ អ្នកឧកញ៉ា គិត ម៉េង ព្រមទាំងថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី ក្រុមហ៊ុនដៃគូ អ្នកឧកញ៉ា ឧកញ៉ា និងភ្ញៀវកិត្តិយសជាច្រើននាក់។
អគារ រ៉ូយ៉ាល់ គ្រុប ផ្លាទីនីម (Royal Group Platinum) មានទីតាំងស្ថិតនៅផ្លូវ៣៣៧ កែងផ្លូវ៥៦៦ និងផ្លូវ៣៣៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ខុនដូ រ៉ូយ៉ាល់គ្រុប ផ្លាទីនីម មាន ៨៥១យូនីតជាប្រភេទលំនៅឋាន និង ៥១យូនីត ជាផ្ទះអាជីវកម្ម អភិវឌ្ឍលើផ្ទៃដីទំហំ ១០ម៉ឺនម៉ែត្រការ៉េ។
សូមជម្រាបថា គម្រោងអគារខុនដូប្រណិត «រ៉ូយ៉ាល់ គ្រុប ផ្លាទីនឹម» នៃក្រុមហ៊ុន រ៉ូយ៉ាល់ហុងឡៃហួត វ័ន ឯ.ក បានបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់កាលពីថ្ងៃអង្គារ ទី៧ ខែឧសភា ឆ្នាំ២០១៩។ គម្រោងនេះ ប្រសូត្រចេញពីការវិនិយោគរួមគ្នារវាងក្រុមហ៊ុនធំៗដ៏ល្បីពីរ គឺក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងក្រុមហ៊ុន ហុងឡៃហួត គ្រុប របស់ប្រទេសសិង្ហបុរី៕