កម្ពុជា និងជប៉ុន បានឯកភាពចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធការអនុវត្តលើគម្រោង២ ក្នុងទឹកប្រាក់ជាង ៦០លានដុល្លារអាមេរិក។
ការចុះហត្ថលេខានៃប្រទេសទាំងពីរធ្វើឡើងរវាងលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកស្រី ខាមីខាវ៉ា យ៉ូកុ (KAMIKAWA Yoko) រដ្ឋមន្ត្រី ការបរទេសជប៉ុន ក្នុងអំឡុវមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់៦ ខែកក្កដា ឆ្នាំ២០២៤។
ក្នុងជំនួបនោះ ភាគីទាំងពីរបានឯកភាពគ្នាថា ទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងជប៉ុន មានភាពកាន់តែរឹងមាំ ព្រមទាំងបានផ្លាស់ប្តូរយោបល់ក្នុង ការបន្តលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានា ដែលមានសក្តានុពល និងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ។
ជាមួយគ្នានោះ ភាគីទាំងពីរក៏បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធគម្រោង២ ទី១, ការផ្តល់ហិរញ្ញប្បទាន ឥតសំណង ប្រមាណ ២,៧ លានដុល្លារ សម្រាប់ការអនុវត្តគម្រោងអាហារូបករណ៍ អភិវឌ្ឍន៍ធនធានមនុស្ស និង ២, ការផ្តល់ឥណទានសម្បទានប្រាក់យ៉េន ប្រមាណ ៥៩,៦ លានដុល្លារ សម្រាប់ការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ (ធ្លាម្អម- បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត) (III)។
ទន្ទឹមនឹងនោះ លោក សុខ ចិន្តាសោភា បានអរគុណដល់ជប៉ុនដែលជប៉ុនបានចុះហត្ថលេខាលើសម្រាប់គម្រោងទាំងពីរនេះ។លោក ក៏បានបញ្ជាក់ថា ប្រទេសជប៉ុនមិនគ្រាន់តែបានរួមចំណែកយ៉ាងសំខាន់ដល់ដំណើរការកសាងសន្តិភាពនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែបានផ្តល់ជំនួយសម្រាប់ការស្តារអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជាថែមទៀតផងដែរ៕