សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ កម្ពុជាសម្រេចបានសន្ទុះនៃលំហូរវិនិយោគផ្ទាល់ពីបរទេសកាន់តែខ្លាំង កើនឡើងលើស៣ដង បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។
ថ្លែងក្នុងពិធីបើកវេទិកាធុរកិច្ចកម្ពុជា-បារាំង កាលពីព្រឹកថ្ងៃទី៨ កក្កដា ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងឆមាសទី១ ឆ្នាំ២០២៤ កម្ពុជាសម្រេចបានសន្ទុះនៃរំហូរវិនិយោគផ្ទាល់ពីបរទេសកាន់តែខ្លាំង ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងសរុបចំនួន១៩០ មានតម្លៃ៣,២ពាន់លានដុល្លារ កើនឡើង៣ដង បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។
សម្តេចធិបតីបន្តថា លើសពីនេះជាមួយនឹងការដាក់បញ្ចូលនៅក្នុងបញ្ជីតាមដានគោលដៅ FTI ដែលលេចធ្លោ ឆ្នាំ២០២៤របស់ Finance Time កម្ពុជាជាប់ចំណាត់ថ្នាក់ខ្ពស់ក្នុងចំណោមគោលដៅវិនិយោគកំពូលទាំង៥០របស់ពិភពលោក ដែលការនេះបង្ហាញឱ្យកាន់តែច្បាស់ពីភាពទាក់ទាញរបស់កម្ពុជាដោយវិនិយោគិនសកល។
សូមបញ្ជាក់ផងដែរថា ៦ខែ ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មី, គម្រោងពង្រីកផលិតកម្ម, និងគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ១៩០គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣,២ពាន់លានដុល្លារ និងអាចបង្កើតការងារបានជាង ១៦ម៉ឺនកន្លែង។
បើតាម CDC គម្រោងវិនិយោគនេះ មានការកើនឡើងចំនួន ៧៧គម្រោង ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣ ខណៈទុនវិនិយោគមានការកើនឡើងគួរឱ្យកត់សម្គាល់ដល់ទៅប្រមាណជាង ២ពាន់លានដុល្លារ។
ក្នុងនោះ ប្រភពទុនវិនិយោគកម្ពុជាស្ថិតលេខរៀងទី១ មានចំនួន៥០,១៥% ប្រទេសចិនស្ថិតនៅលេខរៀងទី២ ក្នុងទុនសរុប ៤២,៦៤% សិង្ហបុរី ២,៩១% វៀតណាម១,០៥% ឥណ្ឌា ០,៥៦% កូរ៉េ ០,៤៩% និងប្រទេសផ្សេងៗទៀត។
សូមជម្រាបបន្ថែមថា កម្ពុជារំពឹងថាសម្រាប់ឆ្នាំ ២០២៥-២០២៧ខាងមុខ រំហូរការវិនិយោគផ្ទាល់ពីបរទេសនឹងបន្តកើនក្នុងរង្វង់ជាមធ្យមប្រមាណ ៨,៦% នៃ ផ.ស.ស. សមមូលនឹងប្រមាណ ៩,០% នៃ ផ.ស.ស. ដោយសារការបន្តកើននូវទំនុកចិត្ត វិនិយោគជាមួយនឹងបរិយាកាសកាន់តែអំណោយផលសម្រាប់ការវិនិយោគនៅកម្ពុជា៕