ក្រុមហ៊ុនល្បីឈ្មោះរបស់ជប៉ុន Toyota គ្រោងបើកសាលាបណ្ដុះបណ្ដាលជំនាញយានយន្តនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុនល្បីឈ្មោះរស់ប្រទេសជប៉ុន Toyota Tsusho Manufacturing (Cambodia) គ្រោងនឹងបង្កើតសាលាបណ្ដុះបណ្ដាលជំនាញយានយន្ត (Toyota Academy)នៅកម្ពុជានាពេលខាងមុខនេះ ខណៈបច្ចុប្បន្នក្រុមហ៊ុននេះ បានស្នើសុំអនុសាសន៍ពីរដ្ឋាភិបាលដើម្បីដំណើរការលើកិច្ចការនេះរួចរាល់ហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងជំនួបនិងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត កាលថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២៤ ​លោក Fujita Ryoji នាយកក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) បានជម្រាបពីគំនិតផ្ដួចផ្ដើមរបស់ក្រុមហ៊ុនតូយ៉ូតាក្នុងការបង្កើតសាលាបណ្ដុះបណ្ដាលជំនាញយានយន្ត (Toyota Academy)នៅកម្ពុជា និងគោរពស្នើសុំអនុសាសន៍ណែនាំពីសម្ដេចធិបតីពាក់ព័ន្ធនឹងការរៀបចំបង្កើតសាលាបណ្ដុះបណ្ដាលជំនាញយានយន្តនេះផងដែរ។

ជាការឆ្លើយតបទៅកាន់ភាគីក្រុមហ៊ុន Toyota សម្តេចធិបតី បានស្វាគមន៍ និងគាំទ្រចំពោះគំនិតផ្ដួចផ្ដើម របស់ក្រុមហ៊ុនលើការបង្កើតសាលាបណ្ដុះបណ្ដាលជំនាញយានយន្តនៅកម្ពុជា ខណៈសម្ដេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនសហការយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីពិភាក្សាលម្អិតអំពីការរៀបចំបង្កើតសាលា និងការកំណត់ម៉ូដែលអាជីវកម្ម។

ជាមួយគ្នានេះ សម្ដេចធិបតី ក៏បានផ្ដល់អនុសាសន៍ដល់ក្រុមហ៊ុនក្នុងការរៀបចំបង្កើតសាលាបណ្តុះបណ្តាលនេះជា២ជម្រើស៖ ១.ក្រុមហ៊ុនអាចរៀបចំបង្កើតសាលាបណ្ដុះបណ្ដាល ដោយក្រុមហ៊ុនផ្ទាល់តែម្តង និង២. ជាទម្រង់កូនកាត់ (Hybrid) ដោយសហការជាមួយនឹងសាលាបណ្តុះបណ្តាលរបស់រាជរដ្ឋាភិបាលដែលមានស្រាប់ តាមរយៈកិច្ចសហការជាមួយនឹងក្រសួងការងារ។

បន្ថែមលើនេះ សម្ដេចធិបតី ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុន ពិនិត្យលទ្ធភាពក្នុងការរៀបចំការបណ្តុះបណ្តាលនេះឱ្យមានលក្ខណៈទូលំទូលាយ ដោយមិនត្រឹមតែបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់តែបម្រើការក្នុងក្រុមហ៊ុនតូយ៉ូតា ប៉ុណ្ណោះទេ ប៉ុន្តែអាចពង្រីកវិសាលភាពនៃការបណ្ដុះបណ្ដាលដល់យុវជនកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃទីផ្សាការងារផ្នែកយានយន្ត ទាំងក្នុង និងក្រៅប្រទេស នាពេលអនាគតថែមទៀត។

គួរបញ្ជាក់ដែរថា តាមរយៈជំនួបពិភាក្សានោះដែរ ប្រមុខរដ្ឋាភិបាល ក៏បានជំរុញឱ្យក្រុមហ៊ុន Toyota Group ពិនិត្យលទ្ធភាពលើចំណុចសំខាន់ចំនួន ២ គឺ១. ពិនិត្យលទ្ធភាព និងពិចារណា ក្នុងការផលិតគ្រឿងបន្លាស់ (Spare parts) របស់ក្រុមហ៊ុនតូយ៉ូតា ដែលមិនត្រឹមតែសម្រាប់ការផ្គត់ផ្គង់ដល់ក្រុមហ៊ុនតូយ៉ូតានៅកម្ពុជានោះទេ ប៉ុន្តែថែមទាំងផ្គត់ផ្គង់ដល់ក្រុមហ៊ុនតូយ៉ូតា នៅតាមបណ្ដាប្រទេសផ្សេងៗទៀត និង២. ពិនិត្យលទ្ធភាព និងពិចារណាលើការភ្ជាប់កិច្ចសហការជាមួយនឹងបណ្ដាក្រុមហ៊ុនក្នុងស្រុកដែលអាចផ្គត់ផ្គង់ជាសម្ភារបរិក្ខារបន្ទាប់បន្សំ (Accessories) បំពាក់លើរថយន្តតូយ៉ូតាជាដើម៕ អត្ថបទ៖ រង្សី