គណៈប្រតិភូធុរកិច្ចអូស្រ្តាលី នៅរសៀលថ្ងៃទី០៨ ខែកក្ដដា ឆ្នាំ២០២៤ បានអញ្ជើញមកសិក្សាស្វែងយល់បន្ថែមអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា បន្ទាប់ពីការប្រព្រឹត្តទៅដ៏ជោគជ័យនៃវេទិការធុរកិច្ចកម្ពុជា-អូស្រ្តាលី។ ក្រោយពិភាក្សាការងារ គណៈប្រតិភូធុរកិច្ចអូស្រ្តាលី បានចាប់អារម្មណ៍លើវិស័យសក្ដានុពលចំនួន៣នៅកម្ពុជា ព្រមទាំងការបង្កើតតំបន់សេដ្ឋកិច្ចពិសេស។
បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា នៅក្នុងជំនួបពិភាក្សាការងារនេះ ធ្វើឡើងក្រោមអធិបតីភាព លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈប្រតិភូធុរកិច្ចនិងវិនិយោគអូស្រ្តាលី ដឹកនាំដោយ លោក ជឺនបូរាណ ច័ន្ទបូរី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្រ្តាលីនិងណូវែលហ្សេឡង់ និង លោក តាំង សិទ្ធី ប្រធានសភាពាណិជ្ចកម្មកម្ពុជាប្រចាំទីក្រុងមែលប៊ន។ កិច្ចប្រជុំនេះ មានការចូលរួមផងដែរពីធុរជនអូស្រ្តាលី សមាជិកសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងមែលប៊ន និងមន្រ្តីបច្ចេកទេសនៃគណៈកម្មាធិការវិនិយោគកម្ពុជាសរុបប្រមាណ ៣០រូប។
កិច្ចពិភាក្សាខាងលើធ្វើឡើងនៅក្នុងគោលបំណងស្វែងយល់បន្ថែមអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីការប្រព្រឹត្តទៅដ៏ជោគជ័យនៃវេទិការធុរកិច្ចកម្ពុជា-អូស្រ្តាលី ដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងអំឡុងពេលដែលសម្ដេចបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី នៅទីក្រុងមែលប៊ន ប្រទេសអូស្រ្តាលី កាលពីខែមីនា ឆ្នាំ២០២៤ កន្លងទៅ។
ក្នុងឱកាសនៃជំនួបនេះ លោក នុត អ៊ុនវ័ណរ៉ា បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះគណៈប្រតិភូ និងថ្លែងអំណរគុណដល់ឯកឧត្ដមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្រ្តាលីនិងណូវែលហ្សេឡង់ និងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងមែលប៊ន ដែលបានដឹកនាំធុរជន និងវិនិយោគិនអូស្រ្តាលី មកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីបានឃើញដោយផ្ទាល់អំពីសក្ដានុពល និងកាលានុវត្តភាពថ្មីៗរបស់កម្ពុជា។ លោកសង្ឃឹមយ៉ាងមុតមាំថា វិនិយោគិនអូស្រ្តាលី នឹងមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា កាន់តែច្រើនបន្ថែមទៀតនាពេលខាងមុខ។
ជាការឆ្លើយតប គណៈប្រតិភូធុរកិច្ចអូស្រ្តាលី បានបង្ហាញអំពីចំណាប់អារម្មណ៍យ៉ាងខ្លាំងលើសក្ដានុពលរបស់កម្ពុជា ក្នុងវិស័យថាមពលបៃតង ទេសចរណ៍ កសិចំណីអាហារ និងការបង្កើតតំបន់សេដ្ឋកិច្ចពិសេស។
សូមជម្រាបជូនផងដែរថា គណៈប្រតិភូធុរកិច្ចអូស្រ្តាលីដែលអញ្ជើញមកនាពេលនេះ គឺមកពីបណ្ដាក្រុមហ៊ុនក្នុងវិស័យសំខាន់ៗ ដូចជា កសិ-ចំណីអាហារ ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ ថាមពលបៃតង សួនឧស្សាហកម្មនិងកម្មន្តសាល៕ អត្ថបទ៖ វិបុល