ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ បានចុះអនុស្សរណៈនៃការយោគយល់ ក្នុងគោលដៅបង្កើនសុវត្ថិភាពឌីជីថលនិងផ្តល់ភាពងាយស្រួល។
ក្រោមអនុស្សរណៈនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងសហការគាំទ្រដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh, រៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណិត, និងផ្តល់ការបណ្តុះបណ្តាលជំនាញឌីជីថល ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថល ឆ្នាំ២០២២-២០៣៥។
ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh នឹងដាក់បញ្ចូល QR Codeស្តង់ដារលើឯកសារនានាក្នុងវិស័យឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងគោលដៅលុបបំបាត់ការក្លែងបន្លំឯកសារ លើកកម្ពស់ការអភិវឌ្ឍថ្នាល និងសេវារដ្ឋាភិបាលឌីជីថល។
គួរជម្រាបថា៖“ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh” បានឈ្នះមេដាយមាស នៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៤ ដែលរៀបចំនៅប្រទេសសិង្ហបុរី ក្រោមក្របខណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន លើកទី៤ (The 4th ASEAN Digital Ministers’ Meeting)។
លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានថ្លែងថា៖ verify.gov.kh ជាដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈល្អបំផុត។ ជោគជ័យនេះបានបង្ហាញអំពីសមិទ្ធផលប្រកបដោយផ្លែផ្កានៃការខិតខំបង្កើតដំណោះស្រាយឌីជីថល ដើម្បីបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរ ដែលសមិទ្ធផលនេះមានការទទួលស្គាល់មិនត្រឹមតែក្នុងក្របខណ្ឌកម្ពុជាទេ តែពេលនេះក៏ត្រូវបានទទួលស្គាល់ថាជាដំណោះស្រាយឌីជីថលល្អបំផុតក្នុងកម្រិតអន្តរជាតិផងដែរ៕ អត្ថបទ៖ វិបុល