លោក Michael Bloomberg អតីតចៅហ្វាយក្រុងញ៉ូវយ៉ក និងជាមហាសេដ្ឋីមានបំផុតមួយនៅអាមេរិក បានបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួនប្រមាណ ១ពាន់លានដុល្លារ ទៅកាន់សកលវិទ្យាល័យ John Hopkins University ដើម្បីរ៉ាប់រងដល់ថ្លៃសិក្សារបស់និស្សិតពេទ្យមួយចំនួន។
យោងតាមការចុះផ្សាយពីទស្សនាវដ្ដី Forbes បានបង្ហាញថា កញ្ចប់ទឹកប្រាក់ ១ពាន់លានដុល្លារនោះ នឹងត្រូវយកមកចំណាយលើថ្លៃសិក្សា និងជួយដល់ផ្នែកហិរញ្ញវត្ថុដល់និស្សិតរៀនជំនាញគិលានុបដ្ឋាក ផ្នែកសុខភាពសាធារណៈជាដើម។
សូមជម្រាបដែរថា រាប់បញ្ចូលទាំងការបរិច្ចាគលើកនេះ មហាសេដ្ឋី Michael Bloomberg បានដកលុយពីហោប៉ៅ ៤,៥ពាន់លានដុល្លារ ដើម្បីធ្វើសប្បុរសធម៌ជូនដល់សកលវិទ្យាល័យ Johns Hopkins University គិតចាប់ពីឆ្នាំ២០១៨ ដល់បច្ចុប្បន្ន។
ជម្រាបបន្ថែមថា លោក Michael Bloomberg គឺជាមហាសេដ្ឋីលំដាប់កំពូលមួយរូបនៅអាមេរិក ដែលមានទ្រព្យសម្បត្តិសរុប ១០៦ពាន់លានដុល្លារ ខណៈរូបលោកក៏ជាមហាសេដ្ឋីចិត្តបុណ្យ តែងតែធ្វើសប្បុរសធម៌ និងចែករំលែកចំណេះដឹងហិរញ្ញវត្ថុជាញឹកញាប់ ជាពិសេសលើការបណ្ដុះបណ្ដាលធនធានមនុស្សតែម្ដង៕