ក្រុមហ៊ុន Honda ប្រកាសឈប់ផលិតរថយន្តនៅក្នុងរោងចក្រធំមួយ ក្នុងប្រទេសថៃ

អន្តរជាតិ

ក្រុមហ៊ុនផលិតរថយន្តលំដាប់កំពូលរបស់ជប៉ុន Honda Motor បានប្រកាសនៅថ្ងៃអង្គារ ទី៩ ខែកក្កដា នេះថា ខ្លួននឹងបញ្ឈប់ការផលិតរថយន្តនៅរោងចក្រក្នុងខេត្តអយុធ្យា ប្រទេសថៃ នៅឆ្នាំ២០២៥ ខាងមុខ ហើយនឹងងាកមកផ្តោតលើការផលិតតែក្នុងរោងចក្រ នៅខេត្ត Prachinburi ជំនួសវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Star។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការប្រកាសនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនផលិតរថយន្តធំជាងគេបំផុតទីពីររបស់ជប៉ុនមួយនេះ កំពុងប្រឈមមុខកាន់តែខ្លាំងឡើង នៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍ ខណ:ពេលដែលម៉ាកយីហោរបស់ប្រទេសចិន កំពុងមានការវាយលុកយ៉ាងខ្លាំងនៅក្នុងទីផ្សារប្រទេសថៃ ចំពេលតម្រូវការអ្នកប្រើប្រាស់រថយន្តអគ្គិសនីក៏កើនឡើងខ្លាំង ផងដែរ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Honda បាននិយាយថា រោងចក្រនៅខេត្តអយុធ្យានេះ គ្រោងនឹងផ្លាស់ប្តូរមកផលិតតែគ្រឿងបន្លាស់រថយន្តវិញ នៅពេលដែលក្រុមហ៊ុនបញ្ឈប់ការផលិតរថយន្តនៅទីនោះ ស្របពេលរោងចក្រនៅខេត្ត Prachinburi ដែលបើកដំណើរការដំបូងក្នុងឆ្នាំ២០១៦ នោះ ក៏នឹងត្រូវកាត់បន្ថយការផលិត ផងដែរ។

ក្រុមហ៊ុន Honda បានមើលឃើញថា ការផលិតរថយន្តនៅក្នុងរោងចក្រទាំងពីររបស់ខ្លួន បានធ្លាក់ចុះពីចំនួន ២២ម៉ឺនគ្រឿង​ក្នុងឆ្នាំ២០១៩ មកនៅក្រោម ១៥ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ចាប់តាំងពីឆ្នាំ២០២០ មក ខណ:ការ​លក់រថយន្ត​របស់​ក្រុមហ៊ុន​ក្នុង​ប្រទេស​ថៃ​ បានធ្លាក់ចុះក្រោម ១០ម៉ឺនគ្រឿង​ក្នុង​រយៈពេល ៤ឆ្នាំកន្លងមកនេះ៕