ផ្នត់គំនិតជាតិនិយម គាំទ្រផលិតផលក្នុងស្រុក នាំឲ្យ Starbuck ឈរជើងមិនបានយូរលើទឹកដីអូស្ត្រាលី

អន្តរជាតិ

បើនិយាយអំពីអាជីវកម្មកាហ្វេដែលលេចធ្លោ និងមានប្រជាប្រិយភាពបំផុត គេមិនរំលងនិយាយអំពីម៉ាកយីហោកាហ្វេ Starbuck របស់អាមេរិកនោះឡើយ ដ្បិតថាក្រុមហ៊ុនមានហាងដល់ទៅជាង ៣៨ ០០០ហាងទូទាំងពិភពលោក និងមានអតិថិជនគាំទ្រភ្លូកភ្លូកដី។ ទោះបីជាជោគជ័យក៏ពិតមែន ប៉ុន្តែ Starbuck នៅតែចាំមិនភ្លេច ព្រោះធ្លាប់បានបិទហាងសឹងតែគ្រប់កន្លែងនៅលើទឹកដីអូស្ត្រាលី ព្រមទាំងខាតបង់លុយអស់ខ្ទង់លានដុល្លារ ដោយសារតែជនជាតិមួយនេះ មានទំនោរគាំទ្រផលិតផលក្នុងស្រុក ជាងជាងផលិតផលនាំចូល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដើមឡើយ ក្រុមហ៊ុន Starbuck បានសម្លឹងឃើញប្រទេសអូស្ត្រាលីជាឱកាសមាសរបស់ខ្លួន ក្នុងការចាក់ទុនវិនិយោគ ដ្បិត GDP និងទីផ្សារកាហ្វេរបស់ប្រទេសមានទំហំធំ ជាហេតុជំរុញឲ្យ Starbuck សម្រចបញ្ចូលអាជីវកម្មរបស់ខ្លួនក្នុងអំឡុងឆ្នាំ២០០០ ។ រហូតមកដល់ឆ្នាំ២០០៨ Starbuck បានបើកសាខារបស់ខ្លួនដល់ទៅចំនួន ៨៧ទីតាំងទូទាំងប្រទេស ឬស្មើនឹងមួយឆ្នាំពង្រីកសាខាបានចំនួន ១១ទីតាំង។

ការពង្រីកខ្លួនលឿនរហ័សជាងការធ្វើទីផ្សារដូច្នេះ បានធ្វើឲ្យក្រុមហ៊ុនផុងខ្លួនខាតបង់ទឹកប្រាក់អស់ខ្ទង់ ១០៥លានដុល្លារត្រឹមរយៈពេល ៧ឆ្នាំដំបូង និងបានខ្ចីបំណុលពីសហរដ្ឋអាមេរិកចំនួន ៥៤លានដុល្លារ ដើម្បីទប់ទល់នឹងវិបត្តិហិរញ្ញវត្ថុ ប៉ុន្តែទោះបីជាខំប្រឹងយ៉ាងណាក្តី ហាង Starbuck ចំនួនពីរភាគបី ក្នុងប្រទេសអូស្ត្រាលី ត្រូវបានបិទជាបន្តបន្ទាប់ ព្រោះតែប្រជាជនរបស់ប្រទេសមួយនេះ មានផ្នត់គំនិតគាំទ្រផលិតផលក្នុងស្រុក ជាជាងផលិតផលនាំចូល។

ការគាំទ្រផលិតផលក្នុងស្រុក និងពង្រីកខ្លួនលឿនរហ័ស មិនមើលពីទីផ្សារអាចថាជាកត្តាមួយផ្នែក ប៉ុន្តែចំណុចដ៏សំខាន់មួយទៀត គឺជាការដាក់ក្តីរំពឹងខ្ពស់។ ភាពជោគជ័យនាទឹកដីសហរដ្ឋអាមេរិក បានជំរុញឲ្យក្រុមហ៊ុន Starbuck រំពឹងថានឹងអាចយកគំរូអាជីវកម្មរបស់ខ្លួន មករកស៊ីនៅឯប្រទេសផ្សេងៗទៀតបាន។ ផ្ទុយពីការគិត វប្បធម៌ទទួលទាន និងការចំណាយប្រាក់លើកាហ្វេរបស់អាមេរិក និងអូស្ត្រាលី មានភាពខុសគ្នា ជាហេតុនាំឲ្យមានការធ្លាក់ចុះនៃការគាំទ្រ។ ការធ្លាក់ចុះបែបនេះ ក៏អាចដោយសារតែកាហ្វេ Starbuck មានតម្លៃថ្លៃជាងកាហ្វេ ឬភេសជ្ជៈទូទៅផ្សេងទៀតនៅក្នុងប្រទេសអូស្ត្រាលី ហើយជនជាតិអូស្ត្រាលីចូលចិត្តទទួលទានកាហ្វេ Espresso ដែលមានរសជាតិដិតខ្លាំង ខុសស្រឡះពីម៉ឺនុយភេសជ្ជៈផ្អែមៗរបស់ Starbucks ។

សូមជម្រាបបន្ថែមថា សព្វថ្ងៃហាងកាហ្វេ Starbucks នៅមានទីតាំងមួយចំនួនទៀតដែរ ប៉ុន្តែផ្តោតជាចម្បងទៅលើជនបរទេស ដូចជានិស្សិត ឬអ្នកធ្វើការ ដែលរស់នៅក្នុងប្រទេសអូស្ត្រាលីតែប៉ុណ្ណោះ។ ដោយឡែក​បើផ្អែកតាមគេហទំព័រ Statistics បានបង្ហាញទិន្នន័យថា Starbuck នៅទូទាំងពិភពលោក បានពង្រីកខ្លួនជាបន្តបន្ទាប់ ព្រមទាំងបានទាញចំណូលចំនួនប្រមាណ ២៩ពាន់លានដុល្លារកាលពីឆ្នាំមុន៕