អ្នកឧកញ៉ា គិត ម៉េង និងអ្នកឧកញ៉ា ហ៊ុន ឡាក់ ចូលរួមកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងកំណត់ទិសដៅការងារ ជាមួយក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង​អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគម​ឧកញ៉ា​កម្ពុជា តំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំត្រួត​ពិនិត្យវឌ្ឍនភាព និងកំណត់ទិសដៅការងារ ជាមួយក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍​កម្ពុជា ក្រោម​អធិបតីភាព ​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងកំណត់ទិសដៅការងារខាងលើនេះ ក៏​​មាន​ការ​អញ្ជើញ​ចូលរួម​អម​ដោយ​ ថ្នាក់ដឹកនាំសមាជិក​​រាជរដ្ឋាភិបាល ព្រមទាំង​ អ្នកឧកញ៉ា ឧកញ៉ាៗ​ជា​ច្រើន​រូប​ទៀត​ផង​ដែរ។

គួររំឭកថា កាលខែថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បាន​ចេញ​អនុក្រឹត្យ​កែ​សម្រួល​ការរៀបចំនិងការប្រព្រឹត្តទៅ​របស់​ក្រុមប្រឹក្សា​ភិបាល​សិក្សាទីផ្សារ​និងផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា ហៅកាត់ថា «ក.ផ.ផ.)។ ក.ផ.ផ. មានតួនាទីភារកិច្ចដូចជា៖ ១.សិក្សាស្រាវជ្រាវ វិភាគ​ស៊ី​ជម្រៅ និង​គ្រប់ជ្រុង​ជ្រោយ​ពី​ទីផ្សារ​ទេសចរណ៍, ២.ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ, ៣.សម្របសម្រួល​ជំរុញ​ការ​ផ្សព្វផ្សាយ​ទាក់ទង​នឹង​វិស័យ​ទេសចរណ៍ ដែល​ធ្វើឡើង​ដោយ​ផ្នែក​សាធារណៈ​និងផ្នែក​ឯកជន ព្រមទាំង​ភារកិច្ច​មួយចំនួនទៀត។

ជាមួយគ្នានេះ នៅ​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏​បាន​ចេញ​សេចក្តីសម្រេចកំណត់​សមាសភាពក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍​កម្ពុជា ដែលមាន​ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាប្រធាន ដោយ​មាន​សមាសភាព​ពី​ផ្នែក​សាធារណៈ​ចំនួន ៨រូប និងតំណាង​មកពី​ផ្នែកឯកជន​ចំនួន ៧រូប រួមមានទាំង អ្នកឧកញ៉ា គិត ម៉េង និង​លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ផងដែរ៕