នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បាននិយាយកាលពីថ្ងៃទី៩ ខែកក្កដាកន្លងទៅថា ម៉ាឡេស៊ី អាចក្លាយជាប្រទេសដៃគូរបស់ក្រុម BRICS មុនពេលការស្នើសុំចូលរួមជាសមាជិកផ្លូវការរបស់ខ្លួនត្រូវបញ្ចប់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
លោក Anwar បាននិយាយនៅក្នុងអំឡុងកិច្ចប្រជុំសភាថា លទ្ធភាពស្នើសុំរបស់ម៉ាឡេស៊ីដើម្បីចូលរួមជាមួយក្រុម BRICS អាចនឹងត្រូវចំណាយពេលយូរ ប៉ុន្តែដោយសារតែមានទំនាក់ទំនងល្អជាមួយបណ្តាប្រទេសជាសមាជិក ដូច្នេះម៉ាឡេស៊ីអាចក្លាយជាប្រទេសដៃគូរបស់ក្រុមនេះបាន។ លោកក៏បានបន្ថែមទៀតថា ការចូលរួមក្នុងក្រុម BRICS នឹងមិនធ្វើឲ្យប៉ះពាល់ដល់គោលនយោបាយការបរទេសរបស់ម៉ាឡេស៊ីឡើយ។
គួរឲ្យដឹងផងដែរថា ចំពោះសមាជិកភាពនៃក្រុម BRICS ត្រូវបានគេរំពឹងទុកថានឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់ប្រទេសម៉ាឡេស៊ី ទាក់ទងនឹងការស្ទុះងើបឡើងវិញនៃពាណិជ្ជកម្ម និងសេដ្ឋកិច្ច។
BRICS ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ២០០៩ ក្នុងនាមជាវេទិកាកិច្ចសហប្រតិបត្តិការសម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនខ្លាំង រួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន ស្របពេលអាហ្រ្វិកខាងត្បូង បានចូលរួមជាមួយក្រុមនេះ ក្នុងឆ្នាំ២០១០។ នៅខែមករា ឆ្នាំ២០២៤ ប្រទេសអ៊ីរ៉ង់ អេហ្ស៊ីប អេត្យូពី និងអារ៉ាប់រួម បានប្រកាសចូលរួមជាមួយក្រុម BRICS ផងដែរ ក្នុងនាមជាសមាជិកថ្មី។
ជម្រាបថា GDP រួមរបស់ប្រទេសសមាជិក BRICS បច្ចុប្បន្នមានចំនួន ២៦,៦ទ្រីលានដុល្លារ ដែលស្មើនឹង ២៦,២% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក ខណ:ការចូលរួមជាសមាជិករបស់អេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ និង UAE ក្នុងឆ្នាំនេះ បានធ្វើឲ្យ BRICS ឥឡូវនេះក្លាយជាប្លុកសេដ្ឋកិច្ចដ៏ធំដែលមានប្រជាជនចំនួន ៣,៥៤ ពាន់លាននាក់ ឬជិត ៤៥% នៃចំនួនប្រជាជនសរុបលើពិភពលោក៕