កម្ពុជានាំចេញមៀនស្រស់ទៅកាន់ទីផ្សារអន្តរជាតិជាង១.៤ម៉ឺនតោនកើនជាង ១២០%ក្នុងរយៈពេល៦ខែឆ្នាំ២០២៤

សង្គម​ និង​សេដ្ឋកិច្ច


តាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៤ កម្ពុជាបាននាំចេញមៀនស្រស់ទៅកាន់ទីផ្សារអន្តរជាតិចំនួន១៤ ៨១៧ តោន ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ដែលមានជាង៦៧២៥ តោន។ចំនួននេះកើនឡើង ១២០.៣៣% ។ ទីផ្សារដែលបានស្រូបយកការនាំចេញមៀនស្រស់របស់កម្ពុជាច្រើនជាងគេ គឺទីផ្សារប្រទេសចិន។នេះបើយោងតាមកញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កញ្ញា អ៊ឹម រចនា បានលើកឡើងថា «ក្រោយពីការចរចាបើកទីផ្សារ កម្ពុជាបានសម្រេចការនាំចេញដំបូងនៅចុងឆ្នាំ២០២២ ។ ផ្លែមៀនស្រស់របស់កម្ពុជាត្រូវមាត់ប្រជាជនចិន ហើយការកុម្ម៉ង់បានកើនឡើងជាបន្តបន្ទាប់ ពីមួយឆ្នាំទៅមួយឆ្នាំ »។

កញ្ញា អ៊ឹម រចនា បានបន្ដថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្ម ដែលធ្វើការជាមួយកសិករ ដើម្បីដាំដុះមៀនដែលស្របតាមស្តង់ដារបច្ចេកទេស និងតម្រូវការរបស់ទីផ្សារប្រទេសចិន បានធានានូវស្ថិរភាពនៃការផ្គត់ផ្គង់មៀនស្រស់ ទៅកាន់ទីផ្សារប្រទេសចិន។ ប្រជាកសិករដែលដាំដុះមៀនស្រស់ ដោយអនុលោមទៅតាមស្តង់ដាររបស់អាជ្ញាធរគយចិននេះ គឺពួកគាត់លក់ចេញបាននៅក្នុងតម្លៃខ្ពស់ បើធៀបនឹងកសិករដែលគាត់ដាំដុះតាមលក្ខណៈប្រពៃណី។

អ្នកនាំពាក្យរូបនេះ បានឱ្យដឹងទៀតថា កំណើននៃការនាំចេញមៀនស្រស់ទៅកាន់ប្រទេសចិនដោយសារក្រសួងកសិកម្មនិងក្រសួងពាក់ព័ន្ធ និងកសិករបានចាប់ដៃគ្នាផលិត ចំណែកក្រសួងពាណិជ្ជកម្មដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញឲ្យផលិតផលកម្ពុជាលេចមុខលេចមាត់បានទូលំទូលាយនៅក្រៅប្រទេសចិន។ ក្រសួងពាណិជ្ជកម្មកម្ពុជាបានចុះMOU ជាមួយនឹងក្រុមហ៊ុនអាលីបាបាដែលជាPlatformទីផ្សារ អនឡាញមានអតិថិជនរាប់លាននាក់នៅប្រទេសចិននិងនៅលើពិភពលោក ។ ការចុះអនុស្សរណៈជាមួយអាលីបាបានេះក្នុងគោលបំណងដាក់លក់ផលិតផលរបស់កម្ពុជាទៅក្នុងផលិតផលអាលីបាបា។

កញ្ញា អ៊ឹម រចនា បានបញ្ជាក់ថា ក្រសួងកសិកម្មជាអ្នកផលិត ក្រសួងពាណិជ្ជកម្មជួយតាមរយៈMOUជាមួយអាលីបាបា ដែលធ្វើឱ្យទីផ្សារទីផ្សាររីកចម្រើននិងរីកកាន់តែទូលំទូលាយមិនត្រឹមតែនៅប្រទេសចិនទេគឺ នៅថ្នាក់ពិភពលោកផងដែរ។ តាមរយៈអាលីបាបា មៀនខ្មែរមិនត្រឹមតែទៅដល់អ្នកដែលបញ្ជាទិញផ្ទាល់នោះទេ អតិថិជនជាប្រជាជនក៏អាចកុម្ម៉ង់ក្នុងទូរស័ព្ទដៃជាការស្រេចហើយមានការដឹកជញ្ជូនដល់គេហដ្ឋានរបស់ពួកគេ។

សូមជម្រាបថា កម្ពុជាបានចាប់ផ្តើមនាំចេញផ្លែមៀនប៉ៃលិនស្រស់ ទៅទីផ្សារប្រទេសជាលើកដំបូង កាលពីខែតុលា ឆ្នាំ២០២២ បន្ទាប់ពីការចរចាលក្ខខណ្ឌតម្រូវភូតគាមអនាម័យ និងបានដាក់លក់ជាផ្លូវការ នៅលើទីផ្សារអនឡាញរបស់ Alibaba Group កាលពីថ្ងៃពី១២ ខែធ្នូ ឆ្នាំ២០២២ ដែលធ្វើឱ្យអ្នកប្រើប្រាស់នៅចិន កាន់តែច្រើនស្គាល់ពីផលិតផលកសិកម្មកម្ពុជា ព្រោះចិនជាទីផ្សារធំដែលមានប្រជាជនជាង ១៤០០លាននាក់។

បើយោងតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម ក្នុងរយៈពេល១១ខែឆ្នាំ២០២៣ កម្ពុជានាំចេញផ្លែមៀនស្រស់ទំហំទឹកប្រាក់ជាង១៨លានដុល្លារ។

សម្រាប់ការនាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិនជាផ្លូវការគឺជាសមិទ្ធផលថ្មីមួយទៀត ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធ ដើម្បីបើកទីផ្សារថ្មីប្រកបដោយសក្តានុពលសម្រាប់កសិផលកម្ពុជា សំដៅចូលរួមលើកកម្ពស់ប្រាក់ចំណូល និងជីវភាពបងប្អូនអ្នកដាំមៀន ជំរុញការអភិវឌ្ឍវិស័យកសិកម្ម។ ដំណាំមៀនគឺជាដំណាំកសិ-ឧស្សាហកម្មមួយក្នុងចំណោមដំណាំកសិ-ឧស្សាហកម្មផ្សេងទៀតដែលមានសក្តានុពលសម្រាប់ ធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសប្រទេសចិន ជាលក្ខណៈស្រស់ និងក្រៀម៕ អត្ថបទ៖ វិបុល