គិតត្រឹមរយៈពេល៦ខែ ពោលពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញទំនិញទៅប្រទេសបារាំង មានទំហំទឹកប្រាក់ប្រមាណជាង ១៩៤លានដុល្លារ ថយចុះ០.៨% ខណៈការនាំចូលមានជិត ៥៥លានដុល្លារថយចុះ១៣.៦% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលផ្សាយចេញកាលពីពេលថ្មីៗនេះ។
របាយការណ៍ដដែលបានឱ្យដឹងថា ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-បារាំង បានកើនឡើងជាលំដាប់ ដែលមានទំហំទឹកប្រាក់ ៥១៥.២១ លានដុល្លារ ក្នុងឆ្នាំ២០២៣ ដែលបច្ចុប្បន្នប្រទេសបារាំង គឺជាដៃគូពាណិជ្ជកម្មទី២ របស់កម្ពុជានៅអឺរ៉ុប បន្ទាប់ពីប្រទេសអាល្លឺម៉ង់។ ការនាំចេញរបស់បារាំងមកកម្ពុជា កាលពីឆ្នាំ២០២៣ បានកើនឡើងយ៉ាងខ្លាំង ជាពិសេសផលិតផលកសិអាហារ ឱសថ និងផលិតផលលោហៈ។
ចំណែកការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសបារាំងវិញ មានជាពិសេសក្នុងវិស័យវាយនភ័ណ្ឌ ផលិតផលកសិអាហារ, ទោចក្រយាន ជាដើម។
ជុំវិញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនេះដែរ ថ្លែងក្នុងពិធី “បើកវេទិកាធុរកិច្ចកម្ពុជា-បារាំង” នៅរាជធានីភ្នំពេញ កាលថ្ងៃទី៨ កក្កដា ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា នៅក្នុងចំណោមប្រទេសនៅតំបន់សហគមអឺរ៉ុប-បារាំង គឺជាដៃគូពាណិជ្ជកម្មដ៏ធំមួយជាមួយកម្ពុជា ខណៈកាលពីឆ្នាំ២០២៣កន្លងទៅ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ បានកើនឡើងដល់ជាងប្រាំរយលានដុល្លារអាមេរិក។
ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបន្ថែមថា បានលើកឡើងទៀតថា កម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ក្នុងជួយសម្របសម្រួលនីតិវិធីនានាជូនដល់វិនិយោគិនទាំងអស់ ព្រមទាំងវិនិយោគិនបារាំង ដើម្បីផ្តល់ទំនុកចិត្តដល់ការបណ្តាក់ទុនវិនិយោគនៅកម្ពុជា ពិសេសពង្រីកកិច្ចសហប្រតិបត្តិការ និងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត៕ អត្ថបទ៖ រង្សី