ម្ចាស់ Camcar សំណូមពរមហាជនអ្នកគាំទ្រ កុំបញ្ចេញមតិប៉ះពាល់ដល់ គោរមវ័ន្តឧកញ៉ា

ជុំវិញ​ឧកញ៉ា

លោក ឡយ ភាល័យ ស្ថាបនិក និងជាម្ចាស់ទំព័របណ្តាញសង្គម (Facebook, Tik Tok) ឈ្មោះ Camcar Collection កាលពីយប់ថ្ងៃទី១០ ខែកក្កដា ​​បាន​សំណូមពរ​មហាជន​អ្នកលេងបណ្តាញ​សង្គម និង​អ្នកគាំទ្រ​ទាំងអស់ សូមកុំបញ្ចេញមតិ​ប៉ះពាល់​ដល់​គោរមវ័ន្តឧកញ៉ា ដោយលោកបញ្ជាក់ថា​​រឿងនេះ ជារឿងបុគ្គល​នោះទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកជំនាញវិស័យយានយន្ត​រូបនេះ បាន​បង្ហោះសារ​លើ​ទំព័រហ្វេសប៊ុក Camcar Collection កាលពី​យប់មិញ យ៉ាងដូច្នេះថា៖ “ខ្ញុំចង់តែបញ្ចប់បញ្ហាទេ។ ខ្ញុំសុំចិត្តបងប្អូន បើពិតជាស្រឡាញ់ខ្ញុំ កុំយកខ្ញុំដើម្បីគេងចំណេញ​នយោបាយ។ បើក្រុមជ្រុលនិយម ចង់ទាញរឿងចូលនយោបាយ ខ្ញុំ block ចោល ជាពិសេសមិន​ពាក់ព័ន្ធ​ជាមួយ​លោកអ្នកឧកញ៉ាផ្សេងឡើយ ហើយក៏មិនពាក់ព័ន្ធស្ថាប័នណាឡើយ”។

លោកបានបន្ថែមថា រឿងនេះគឺជារឿងរបស់លោកជាមួយអ្នកឧកញ៉ា លី សុភ័ក្ត តែប៉ុណ្ណោះ។ បើលោកខុស លោកព្រមទទួលទោស ពោលខុសគឺខុស ត្រូវគឺត្រូវ ហើយ​លោក​ក៏មិនល្អគ្រប់ ១០នោះដែរ។ ទោះយ៉ាងណា បើលោកត្រូវជាប់គុក ចាត់ទុកថាជាកំហុសរបស់លោកទៅចុះ។

គួររំឭកថា កាលពីថ្ងៃទី០៩ ខែកក្កដា លើបណ្ដាញសង្គមផ្ទុះការវែកញែកយ៉ាងក្ដៅគគុក ក្រោយម្ចាស់ផេក Camcar Collection បានបង្ហោះសារជាសារធាណៈ ដើម្បីពន្យល់ពីអង្គហេតុពាក់ព័ន្ធ ករណីម្ចាស់រថយន្ត ដែលបានទិញរថយន្ត យកមកទទួលសេវាកម្មកែច្នៃនៅការ៉ាស់របស់ខ្លួន។ សាររបស់ម្ចាស់ផេក Camcar បាន​ធ្វើ​ឱ្យមហាជនមួយចំនួន បានបញ្ចេញមតិក្នុងបណ្តាញសង្គមមិនគប្បី​ធ្វើ​ឱ្យ​ប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរ​របស់​គោរមវ័ន្ត​ឧកញ៉ា ជាទូទៅផងដែរ៕