អ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អុឹម រចនា បានឱ្យដឹងថា ទីផ្សារដែលនាំចេញដំណាំស្វាយចន្ទីច្រើនជាងគេជិត៩៩ភាគរយរបស់កម្ពុជា គឺប្រទេសវៀតណាម។
បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៤ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទី ៥៣៩ ០២៦ តោន ដែលកើនឡើង៦០,៩១ភាគរយ។ សម្រាប់ខែឧសភា ២០២៤ នាំចេញគ្រាប់ស្វាយចន្ទីមានជាង៤ម៉ឺន៥ពាន់តោន។
កញ្ញា អុឹម រចនា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងទៀតថា យ៉ាងនេះក្ដី បន្ទាប់ពីទទួលបានជោគជ័យនិងការនាំចេញដ៏ច្រើនទៅប្រទេសវៀតណាម ក្នុងរយៈពេលចុងក្រោយនេះសង្កេតឃើញថា ការនាំចេញទៅទីផ្សារមួយនេះមានការធ្លាក់ចុះទៅវិញ ព្រោះតែនិន្នាការកើនឡើងលើការកែច្នៃក្នុងស្រុក។
អ្នកនាំពាក្យក្រសួងកសិកម្ម បន្ដថា ការកែច្នៃ ជាអ្វីដែលក្រសួងកសិកម្មប្ដេជ្ញាចិត្តធ្វើឲ្យបាន និងព្យាយាមពង្រីកកាន់តែទូលំទូលាយ និងចង់បានការវិនិយោគកែច្នៃគ្រាប់ស្វាយចន្ទីស្រស់ឲ្យទៅជាផលិតផលសម្រេចរួចធ្វើការនាំចេញទៅក្រៅប្រទេស ។ ការវិនិយោគលើការកែច្នៃស្វាយចន្ទី ចាំបាច់និងសំខាន់មែនទែនក្នុងការបង្កើនតម្លៃបន្ថែមសម្រាប់ផលិតផលគ្រាប់ស្វាយចន្ទី។ តម្លៃបន្ថែមនេះហើយ ជាផលចំណេញបន្ថែមសម្រាប់ប្រជាកសិករដាំដុះនិងសហគ្រាសកែច្នៃក៏ដូចជាលើកមុខមាត់កម្ពុជានៅលើទីផ្សារពិភពលោក។
បន្ថែមពីនេះ បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម ខាងសមាគមស្វាយចន្ទីកម្ពុជា ក៏បានឱ្យដឹងដែរថា នៅក្នុងរយៈពេល៥ខែ ឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅសម្រេចបាន ៧១ ម៉ឺន ៦ ពាន់តោន ក្នុងនោះនាំចេញទៅ ប្រទេសវៀតណាមចំនួន ៦៦ ម៉ឺន ៧ ពាន់តោន កើនឡើង ៣៨ ភាគរយ បើប្រៀប ធៀបរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដែលគិតជាទឹកប្រាក់ចំនួន ៨៥១ លានដុល្លារ។ ដោយឡែកនៅឆ្នាំ ២០២៣ កម្ពុជាសម្រេចបាននូវការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារ អន្តជាតិចំនួន ៦៥ ម៉ឺន ៦ ពាន់តោន ថយចុះ ៧.៦% គិតជាទឹកប្រាក់ចំនួន៨៣៧ លានដុល្លារ បើប្រៀបធៀបឆ្នាំ២០២២ ៕