សមាគមឧកញ៉ាកម្ពុជា ចុះអនុស្សរណៈយោគយល់លើការសហការផ្សព្វផ្សាយ ជាមួយស្ថាប័នព័ត៌មានឌីជីថល ឧកញ៉ាញូស៍ ជាផ្លូវការ

ជុំវិញ​ឧកញ៉ា

សមាគមឧកញ៉ាកម្ពុជា នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ បានចុះអនុស្សរណៈ យោគយល់លើការសហការផ្សព្វផ្សាយព័ត៌មានជាមួយ ស្ថាប័នព័ត៌មានឌីជីថល ឧកញ៉ាញូស៍ ជាផ្លូវការ។ ការចុះអនុស្សរណៈយោគយល់នេះ មានការអញ្ជើញចូលរួមដោយផ្ទាល់ពី អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ជាមួយលោក ខុត សីហា អគ្គនាយកក្រុមហ៊ុន អូខេអិន មេឌា និងសារព័ត៌មានឌីជីថល ឧកញ៉ាញូស៍ នៅការិយាល័យ សមាគមឧកញ៉ាកម្ពុជា នាសណ្ឋាគារភ្នំពេញ។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការចុះអនុស្សរណៈយោគយល់ ពេលនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីចូលរួមពង្រីកវិសាលភាពនៃការផ្សព្វផ្សាយព័ត៌មានបន្តពីសមាគមឧកញ៉ាកម្ពុជា ក៏ដូចជារួមចំណែកលើកកម្ពស់ឧត្តមភាពដ៏ឧត្តុង្គឧត្តម នៃគោរមងារឧកញ៉ាក្នុងការចូលរួមអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព និងបរិយាបន្ន ស្របតាមទស្សនវិស័យ របស់ ស.ឧ.ក តាមរយៈស្ថាប័នព័ត៌មានដៃគូផ្លូវការ។ 

តាមរយៈកិច្ចសហប្រតិបត្តិការផ្លូវការនេះ ថ្នាក់ដឹកនាំ ឧកញ៉ាញ៉ូស៍ ដែលជាស្ថាប័នព័ត៌មានឌីជីថលឈានមុខគេមួយ លើការផ្សព្វផ្សាយគ្រប់សកម្មភាពជាវិជ្ជមាន របស់គោរមវ័ន្ត លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា សកម្មភាពធុរកិច្ច ព័ត៌មានសេដ្ឋកិច្ច និងវឌ្ឍនភាពនានា របស់សមាគមឧកញ៉ាកម្ពុជា ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ។ 

សមាគមឧកញ៉ាកម្ពុជា (សរសេរជាអក្សរកាត់ ស.ឧ.ក) ត្រូវបានបង្កើតឡើង និងទទួលស្គាល់ជាផ្លូវការដោយក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលិខិតលេខ ៥៩៧៩ ប្រ.ក. ចុះថ្ងៃទី២៥ ខែតុលាឆ្នាំ២០២២ ស្តីពីការសុំចុះឈ្មោះសមាគមឧកញ៉ាកម្ពុជាក្នុងបញ្ជីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល និងព្រះរាជក្រឹត្យលេខ នស/រកត/១០២៣/២២៥០ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ស្តីពីគោរមងារឧកញ៉ា។ សមាគមឧកញ៉ាកម្ពុជា គឺជាស្ថាប័នតែមួយគត់តំណាងឱ្យគោរមវន្ត ទាំងអស់នៅកម្ពុជា និងជាស្ថាប័ន អព្យាក្រឹត មិនស្វែងរកប្រាក់កម្រៃ ព្រមទាំងធ្វើសកម្មភាពដោយមិនមានការរើសអើង ការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ឬសាសនាណាមួយឡើយ៕