ប្រមុខរដ្ឋាភិបាល៖ កម្ពុជា នឹងខិតខំបន្តបោសសម្អាតមីនប្រមាណជាង១.៧០០ គីឡូម៉ែត្រ បន្ថែមទៀត

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា កម្ពុជា នឹងខិតខំបន្តបោសសម្អាតមីនប្រមាណជាង១.៧០០ គីឡូម៉ែត្រការ៉េ បន្ថែមទៀត ខណៈសកម្មភាពនៃការបោសសម្អាតគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា សម្រេចបានលើផ្ទៃដីសរុបជាង ៦.០០០ហិកតារួចហើយតាមរយៈការសហការរវាងអង្គការ JMAS របស់ជប៉ុន និងមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតីថ្លែងដូច្នេះ នៅក្នុងកិច្ចពិភាក្សាការងារជាមួយលោក YAMAZAKI Koji ប្រធានអង្គការសកម្មភាពកម្ចាត់មីនជប៉ុន (JMAS) និងជាអតីតអគ្គសេនាធិការចម្រុះកងទ័ពស្វ័យការពារជប៉ុន នៅថ្ងៃទី១១​ ខែកក្កដា ឆ្នាំ២០២៤។

នាឱកាសនោះ លោក YAMAZAKI Koji ប្រធានអង្គការសកម្មភាពកម្ចាត់មីនជប៉ុន (JMAS) បានឱ្យដឹងថា តាមរយៈកិច្ចសហប្រតិបត្តិការរវាងអង្គការ JMAS ជាមួយនឹងមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ដែលបានផ្ដល់នូវកិច្ចសហការយ៉ាងល្អប្រសើរលើសកម្មភាពជាច្រើន ដូចជាសកម្មភាពនៃការបោសសម្អាតគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលសម្រេចបានលើផ្ទៃដីសរុបជាង ៦.០០០ហិកតា និងការរុករកឃើញ និងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្សចំនួន ២០.០០០ គ្រាប់។

ក្រៅពីសកម្មភាពបោសសម្អាតមីន លោកថា JMAS ក៏ប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយនឹង CMAC បន្ថែមទៀត ក្នុងគោលដៅចូលរួមចំណែកការបោសសម្អាតមីននៅកម្ពុជាបន្តទៀត។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ ក៏ដូចជាសកម្មភាពរបស់ JMAS ជាមួយនឹង CMAC លើសកម្មភាពបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលកិច្ចការនេះបានរួមចំណែកក្នុងការជួយទៅដល់ប្រជាជនកម្ពុជា ដែលបានរងគ្រោះដោយសារគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលបន្សល់ទុកពីសង្គ្រាម។

ទន្ទឹមនោះ សម្ដេចធិបតី បានបញ្ជាក់ផងផែរថា ការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ គឺជាគោលដៅចម្បង របស់រាជរដ្ឋាភិបាលចាប់តាំងពីនីតិកាលមុនៗ ហើយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តយកចិត្តទុកដាក់ក្នុងការបន្តសកម្មភាពបោះសម្អាតមីន ដោយសម្តេចធិបតី ឱ្យដឹងថា ចាប់តាំងពីឆ្នាំ ១៩៩២ មក ប្រទេសកម្ពុជាបានបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមលើផ្ទៃដីជាង ៣.០០០ គីឡូម៉ែត្រការ៉េ ហើយកម្ពុជានឹងខិតខំបន្តការបោសសម្អាតមីន ប្រមាណជាង ១.៧០០ គីឡូម៉ែត្រការ៉េ បន្ថែមទៀត។

គួរបញ្ជាក់ដែរថា តាមរយៈជំនួបពិភាក្សាខាងលើនេះ ភាគីទាំងពីរ បានប្តេជ្ញាថា បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រតិបត្តិករបោសសម្អាតមីននៅកម្ពុ ដើម្បីរួមចំណែកក្នុងការបោសសម្អាតមីនលើផ្ទៃដីដែលនៅសេសសល់៕ អត្ថបទ៖ រង្សី