គម្រោង៥០ រយៈពេល៥ឆ្នាំ ដើម្បីបញ្ចប់បញ្ហាទឹកជន់លិចនៅរាជធានីភ្នំពេញ បច្ចុប្បន្នសម្រេចជាង៦%លើគម្រោង១៣

សង្គម​ និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវគោលបំណងប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់សំដៅក្នុងការឈានបញ្ចប់បញ្ហាទឹកជន់លិចរាជធានីភ្នំពេញ ក្នុងរយៈពេល ៥ឆ្នាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំគម្រោងចំនួន ៥០គម្រោង សម្រាប់រយ:ពេល ៥ឆ្នាំ សំដៅបញ្ចប់ និងកាត់បន្ថយបញ្ហាប្រឈមទឹកជំនន់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ហើយបច្ចុប្បន្នគម្រោងចំនួន ១៣ បាន និងកំពុងអនុវត្ត ក្នុងតំបន់ដែលងាយរងគ្រោះដោយការលិចលង់ជាងគេ រួមមាន តំបន់ជុំវិញស្ថានីយ៍បូមទឹកលូប្រាំ,តំបន់ជុំវិញស្ថានីយ៍បូមទឹកបឹងទំពុន,តំបន់ជុំវិញស្ថានីបូមទឹកបឹងត្របែក ជាដើម ។

សម្តេចធិបតី បន្តថា គម្រោងទាំង ១៣នេះ ផ្ដោតលើគម្រោងពង្រីកស្ថានីយ៍បូមទឹកឱ្យបានធំជាងមុន មានដូចជានៅស្ថានីយ៍លូប្រាំ និងស្ថានីយ៍កប់ស្រូវ គម្រោងសាងសង់សម្រង់កាយសម្រាមនៅបឹងត្របែក ការដាក់លូ បុកស៊ីផាយ និងការស្តារប្រឡាយមេ ជាដើម។

បើតាមសម្តេចធិបតី គិតមកដល់ពេលនេះ ការអនុវត្តគម្រោង ១៣ នេះ សម្រេចបាន ៦.៥% ហើយ អាចរំដោះទឹកចេញពីតំបន់បឹងត្របែក បឹងកេងកង ម៉ុងឌីយ៉ាល់ ព្រលានយន្តហោះ បឹងទំពុននិងតំបន់ផ្សារដើមគរ ។

សម្តេចធិបតីក៏បានគូសបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ ក៏បានត្រៀមបញ្ចេញគ្រឿងចក្រធ្វើការកាយប្រឡាយតាមបណ្តោយផ្លូវជាតិលេខ៣ ឱ្យបានធំទូលាយ និងមិនអនុញ្ញាតឱ្យមានការកាយដាក់លូតូចៗ ខុសស្តង់ដាបច្ចេកទេសឡើយ ដែលវានឹងនាំអោយស្ទះផ្លូវទឹក ដែលបង្កអោយមានការលិចលង់ដោយជំនន់ទឹកភ្លៀង។រដ្ឋបាលរាជធានីភ្នំពេញរៀបចំខាងក្នុង ក្រសួងធនធានទឹក និងឧតុនិយមរៀបចំខាងក្រៅ ទប់ស្កាត់បរិមាណទឹកហូរចូលរាជធានីតាមទឹកស្ទឹងព្រែកត្នោត ហើយក៏សូមមានការចូលរួមពីគ្រប់វិស័យពាក់ព័ន្ធ ពិសេសបងប្អូនប្រជាជនយើងទាំងអស់គ្នា។

សូមបញ្ជាក់ថា អភិបាលរាជធានីភ្នំពេញ លោក ឃួង​ ស្រេង នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ ក៏បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដីពាក់ព័ន្ធ ចុះពិនិត្យប្រឡាយស្ថានីយ៍បូមទឹកបឹងទំពន់ ប្រឡាយស្ថានីយ៍លូប្រាំ ជាមួយការពិនិត្យ វឌ្ឍនភាពនៃការដ្ឋានដាក់លូ បុកស៊ីផាយ និងការស្តារប្រឡាយមេ ដែលស្ថិតក្នុងគម្រោងរំដោះទឹកលិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញទាំង១៣គម្រោង ដែលបាន និងកំពុងអនុវត្តផងដែរ។

លោក ឃួង ស្រេង បានបញ្ចាក់ថា គម្រោងសំដៅបញ្ចប់បញ្ហាទឹកជន់លិចរាជធានីភ្នំពេញ តាមអនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រី នៅរាជធានីភ្នំពេញ មានចំនួន៥០គម្រោង ហើយគម្រោងដែលកំពុងអនុវត្តមាន១៣គម្រោង៕