ប្រទេសសិង្ហបុរី នឹងលែងចុះបញ្ជីលើរថយន្ត និងតាក់ស៊ីដែលប្រើប្រាស់ម៉ាស៊ូតទៀតឡើយ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ តទៅ ដើម្បីស្របតាមគោលដៅរបស់ខ្លួន ក្នុងការឈានដល់ការប្រើប្រាស់យានយន្តប្រកបដោយនិរន្តរភាព។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
ជុំវិញផែនការដើម្បីលុបបំបាត់យានយន្តដែលបំពុលបរិស្ថាននេះ ត្រូវបានប្រកាសឡើងនៅក្នុងសភា អំឡុងពេលកិច្ចពិភាក្សាស្តីពីផែនការនិរន្តរភាពបរិស្ថាន របស់រដ្ឋាភិបាល កាលពីក្នុងខែមីនា ឆ្នាំ២០២១ មកម្លេះ ។
ទន្ទឹមនឹងនេះ អាជ្ញាធរដឹកជញ្ជូនផ្លូវគោករបស់សិង្ហបុរី (LTA) ក៏បានប្រកាសផងដែរថា ចំពោះម្ចាស់រថយន្តម៉ាស៊ូតដែលបានចុះបញ្ជីនៅមុនថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ នៅតែអាចបន្តប័ណ្ណកម្មសិទ្ធិបាន ប៉ុន្តែពួកគេនឹងត្រូវប្រឈមមុខជាមួយការកើនឡើងនៃការបង់ពន្ធផ្លូវ ដែលនេះជាផ្នែកមួយនៃផែនការដើម្បីទប់ស្កាត់មិនឲ្យមានការចុះបញ្ជីចំពោះរថយន្តប្រភេទម៉ាស៊ូតកាន់តែច្រើនបន្តទៀត។
LTA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃនេះថា ៖”ជាមួយនឹងជម្រើសនៃការប្រើប្រាស់រថយន្តដើរដោយថាមពលស្អាតយ៉ាងទូលំទូលាយក្នុងពេលបច្ចុប្បន្ននេះ បានធ្វើឲ្យសមាមាត្រនៃការប្រប្រាស់រថយន្តម៉ាស៊ូត និងការចុះបញ្ជីតាក់ស៊ីថ្មី ធ្លាក់ចុះទាបជាង ១% ចាប់តាំងពីឆ្នាំ២០២១ មក”។
ទោះជាយ៉ាងណាក៏ដោយ LTA ក៏បាននិយាយផងដែរថាការរឹតបន្តឹងលើការចុះបញ្ជីរថយន្តប្រើប្រេងម៉ាស៊ូតថ្មីនេះ នឹងមិនអនុវត្តចំពោះការនាំចូល និងការចុះបញ្ជីរថយន្តក្រោមផែនការរថយន្តប្រភេទបុរាណ និងយានជំនិះដែលមានវ័យចំណាស់នោះឡើយ។
ជម្រាបជូនផងដែរថា គិតត្រឹមខែឧសភាឆ្នាំនេះ មានប្រហែលតែ ១៧% ប៉ុណ្ណោះ នៃយានជំនិះទាំងអស់នៅក្នុងប្រទេសសិង្ហបុរីដែលដំណើរការដោយប្រេងម៉ាស៊ូត៕