Samsung ដាក់គោលដៅលក់ស្មាតហ្វូនបត់អេក្រង់ត្រកូល Galaxy Z ឲ្យកើនឡើងដល់ចំនួន១០% នៅឆ្នាំនេះ

អន្តរជាតិ

អំឡុងកម្មវិធី Galaxy Unpack 2024 ដែលធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១០ ខែមិថុនា ប្រធានក្រុមហ៊ុន Samsung Electronics លោក Roh Tae-moon បានបង្ហាញពីគោលបំណងជំរុញការលក់ស្មាតហ្វូន ដែលអាចបត់អេក្រង់បានស៊េរីថ្មីរបស់ខ្លួន ថានឹងមានការកើនឡើងជាង១០% នៅឆ្នាំនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទីភ្នាក់ងារសារព័ត៌មាន Yonhap បានចុះផ្សាយថា ការលើកឡើងដូច្នេះ ក្រោយពីក្រុមហ៊ុនផលិតស្មានហ្វូតដ៏ធំបំផុតរបស់ពិភពលោកមួយនេះ បានបង្ហាញនូវរូបរាងស្មាតហ្វូន Samsung ជំនាន់ចុងក្រោយ Galaxy Z Fold 6 និង Galaxy Z Flip 6 ដែលមានរូបរាងស្តើងស្រាលបំផុត គួបផ្សំនឹងការបំពាក់នូវមុខងារ AI យ៉ាងសម្បូរបែប កាន់តែងាយស្រួលក្នុងការប្រើប្រាស់ និងរហ័សជាងមុន។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនក៏បានធ្វើការដាក់បង្ហាញនូវផលិតផលចិញ្ចៀន Galaxy Ring បំពាក់នូវបច្ចេកវិទ្យា Sensor ទំនើបបំផុតរបស់ក្រុមហ៊ុន ផ្តោតលើមុខងារថែទាំសុខភាព ដូចជាការវាស់ និងគ្រប់គ្រងគុណភាពនៃការគេង ព្រមទាំងចង្វាក់បេះដូង។

លើសពីនោះ លោក Roh Tae-moon បានសង្កត់ធ្ងន់លើមុខងារស្មាតហ្វូនត្រកូល Galaxy Z ស៊េរីថ្មីនេះថា វាបានដំណើរការដោយបន្ទះឈីបទំនើបចុងក្រោយបំផុតរបស់ក្រុមហ៊ុន Qualcomm ជំរុញឲ្យបច្ចេកវិទ្យា AI ដំណើរការកាន់តែប្រសើរ បង្កើនមុខងារកម្មវិធីទូទៅផ្សេងៗទៀតកាន់តែមានភាពងាយស្រួលក្នុងការប្រើប្រាស់។

គួរឲ្យដឹងផងដែរថា Samsung Electronics ជាក្រុមហ៊ុនផលិតស្មាតហ្វូនអាចបត់អេក្រង់បានដំបូងគេបង្អស់ចាប់តាំងពីឆ្នាំ២០១៩ មក។ ជាមួយគ្នានោះ បើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Counterpoint បានឲ្យដឹងថា ស្មាតហ្វូនដែលអាចបត់អេក្រង់បានដូច្នេះ បានកើនឡើងនូវទំហំទីផ្សាររហូតដល់ទៅ៤៩% បើធៀបទៅនឹងឆ្នាំមុន៕