អ្នកឧកញ៉ា សួរ វីរៈ ប្រកាសបើកយុទ្ធនាការផលិតវីដេអូទ្រង់ទ្រាយធំ ផ្សព្វផ្សាយតំបន់ទេសចរណ៍ទូទាំងកម្ពុជា ទៅកាន់ពិភពលោក

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស នាព្រឹក​ថ្ងៃទី១២ ខែកក្កដានេះ បាន​ប្រកាស​បង្កើត​ក្រុមការងារ​ដើម្បីចាប់ផ្តើម​​បើក​យុទ្ធនាការផលិតវីដេអូទ្រង់ទ្រាយធំ ផ្សព្វផ្សាយតំបន់ទេសចរណ៍​ទូទាំង​ប្រទេស​កម្ពុជា ដល់ភ្ញៀវជាតិ និងអន្តរជាតិ ទូទាំងពិភពលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា សួរ វីរៈ បាន​បង្ហើប​ឱ្យដឹង​តាមរយៈទំព័រហ្វេសប៊ុក នៅព្រឹកនេះ​​ថា ​សូមចូលរួមទាំងអស់គ្នា ដើម្បី​វិស័យទេសចរនៅកម្ពុជា។ ចាប់ពីខែមិថុនា ឆ្នាំ២០២៤ ក្រមហ៊ុនវីរ:ប៊ុនថាំ បានបង្កើតក្រុមការងារ ដើម្បីចាប់ផ្តើម​បើក​យុទ្ធនាការផលិតវីដេអូ និងផ្តិតយករូបភាពនៅតំបន់ទេសចរនានា ទូទាំងប្រទេសកម្ពុជា ក្នុងគោលបំណង ដើម្បីជួយផ្សព្វផ្សាយនូវតំបន់ទេសចរ និងផលិតផលទេសចរថ្មីៗដល់ភ្ញៀវជាតិនិងអន្តរជាតិ រួមទាំងយុទ្ធសាស្រ្ត​ផ្សេងៗ ដើម្បីផ្សព្វផ្សាយតំបន់ទេសចរទៅកាន់ពិភពលោក។

«សូមបងប្អូនជួយណែនាំតំបន់នានា ដើម្បីអាចឱ្យ​ក្រុមការងារយើងខ្ញុំចុះទៅផ្តិតយករូបភាព។ គ្រួសារវីរ:ប៊ុនថាំ ដើម្បីទេសចរកម្ពុជា»។ អ្នកឧកញ៉ា បាន​បញ្ជាក់​បន្ថែម។

រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នេះ កំពុង​យកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​លើ​ការ​ផ្សព្វផ្សាយ​ពីវិស័យ​ទេសចរណ៍​កម្ពុជា។ ជាក់ស្តែង កាលខែថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បាន​ចេញ​អនុក្រឹត្យ​កែ​សម្រួល​ការរៀបចំនិងការប្រព្រឹត្តទៅ​របស់​ក្រុមប្រឹក្សា​ភិបាល​សិក្សាទីផ្សារ​និងផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា ក្នុងគោលបំណង​ជួយ​ជំរុញ​ការ​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ។

ជាមួយគ្នានេះ នៅ​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏​បាន​ចេញ​សេចក្តីសម្រេចកំណត់​សមាសភាពក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍​កម្ពុជា ដែលមាន​ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាប្រធាន ដោយ​មាន​សមាសភាព​ពី​ផ្នែក​សាធារណៈ​ចំនួន ៨រូប និងតំណាង​មកពី​ផ្នែកឯកជន​ចំនួន ៧រូប។

លើសពីនេះ នៅ​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រួត​ពិនិត្យវឌ្ឍនភាព និងកំណត់ទិសដៅការងារ ជាមួយក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា ដោយមាន​ការ​អញ្ជើញ​ចូលរួម​អម​ដោយ​ ថ្នាក់ដឹកនាំសមាជិក​​រាជរដ្ឋាភិបាល ព្រមទាំង​ អ្នកឧកញ៉ា ឧកញ៉ាៗ​ជា​ច្រើន​រូប​ទៀត​ផង​ដែរ។

សូមជម្រាបថា ក្រៅពីវិស័យបញ្ញើរ និងដឹកជញ្ជូន អ្នកឧកញ៉ា សួរ វីរៈ ក៏ជា​​អ្នកជំនួញ​​ដ៏​លេចធ្លោរមួយរូប លើវិស័យ​ទេសចរណ៍នៅ​កម្ពុជា។ អ្នកឧកញ៉ា មាន​សណ្ឋាគារ រីសត ជាច្រើនកន្លែងដូចជា Apex Koh Kong Hotel, Tube Resort, One Beach Resort, Sandy Beach Bungalows, Koh Sdach Resort, Eden Beach Resort, Sarasea Bodega, Pidoma, Romdoul Kirirom និងកោះអភិជន រីសត ព្រមទាំង​គ្រោង​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ ​Sdach Chhne Resort & Resident ដែលជារីសត​មាន​អាងទឹក​វែងជាងគេ​នៅ​អាស៊ី​ ប្រវែង​ដល់ទៅ ២៥០ម៉ែត្រ នៅ​ចុង​ឆ្នាំ២០២៤នេះ៕