អតីតមហាសេដ្ឋីថៃលោក Somphote Ahunai ម្ចាស់ក្រុមហ៊ុន Energy Absolute ដែលកាលពីពីរឆ្នាំមុនមានទ្រព្យសម្បត្តិសរុបចំនួន ៤,៨ពាន់លានដុល្លារ ខណៈនាពេលនេះរូបលោកបានបាត់បង់ងារជាមហាសេដ្ឋី បន្ទាប់ពីរបូតលុយអស់រាប់រយលានដុល្លារ ក្រោយពីបានពង្រីកអាជីវកម្មរបស់ខ្លួនជាច្រើនមុខ។
បើយោងតាមទិន្នន័យពីសារព័ត៌មាន Bloomberg Billionaires Index បានឲ្យដឹងថា ភាគហ៊ុនរបស់ក្រុមហ៊ុន Energy Absolute Pcl បានធ្លាក់ចុះដល់ទៅចំនួន៥១% នាខែមិថុនា ជាហេតុធ្វើឲ្យទ្រព្យសម្បត្តិរបស់លោក Somphote បានកាត់បន្ថយមកនៅសល់តិចជាង ៦០០លានដុល្លារតែប៉ុណ្ណោះ។ មួយវិញទៀត បើទោះបីជាហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានកំណើន១១% នៅខែកក្កដាក្តី ក៏តម្លៃភាគហ៊ុននៅតែបាត់បង់ដល់ទៅប្រហែល៧០% ឯណោះនៅក្នុងឆ្នាំនេះ។
ជាមួយគ្នា បើគិតនៅត្រីមាសទីមួយ ឆ្នាំ២០២៤ ក្រុមហ៊ុន Energy Absolute បានធ្លាក់ចុះនូវប្រាក់ចំណេញអស់ចំនួន៦២% ខណៈក្នុងនោះការលក់រថយន្តអគ្គិសនីក៏មានការធ្លាក់ចុះផងដែរ ដ្បិតអតិថិជនដែលមានតម្រូវការទិញរថយន្តអគ្គិសនីរបស់លោក ពុំសូវជាមានច្រើន។
គួរឲ្យដឹងដែរថា ការបរាជ័យដូច្នេះកើតឡើង បន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំរបស់លោក Somphote នៅក្នុងអាជីវកម្មជាច្រើនប្រភេទ រាប់ចាប់តាំងពីការផលិតថាមពលអគ្គិសនី ផលិតអាគុយ ផលិតរថយន្តអគ្គិសនី និងដំឡើងស្ថានីយសាកថ្មជាដើម។ លើសពីនោះ លោក Somphote ក៏បានខ្ចីប្រាក់យ៉ាងច្រើនសន្ធឹក មកវិនិយោគលើការដំឡើងរថភ្លើងអគ្គិសនី នាវា និងឡានក្រុងផងដែរ៕