នៅចុងសប្តាហ៍នេះ Anant Ambani ដែលជាកូនប្រុសពៅរបស់មហាសេដ្ឋីកំពូលឥណ្ឌា លោក Mukesha Ambani នឹងត្រូវរៀបអាពាហ៍ពិពាហ៍ ជាមួយគូស្នេហ៍ Radhika Merchant ដែលជាកូនស្រីរបស់ម្ចាស់ក្រុមហ៊ុនឱសថធំបំផុតរបស់ឥណ្ឌា លោក Viren Merchant និងលោកស្រី Shaila Merchant។
ពិធីអាពាហ៍ពិពាហ៍ដ៏ធំសម្បើមនេះ នឹងត្រូវធ្វើឡើងរយ:ពេល ៤ថ្ងៃ ដោយរាប់គិតពីថ្ងៃទី១២ ដល់ទី១៥ ខែកក្កដានេះ នាមជ្ឈមណ្ឌល Jio World Convention Center ក្នុងទីក្រុង Mumbai។ ជាមួយគ្នានេះ អាជ្ញាធរក្នុងទីក្រុង Mumbai ក៏បានត្រៀមរួចរាល់ផងដែរ ក្នុងការបិទផ្លូវមួយចំនួនក្បែរកន្លែងប្រារព្ធពិធីនោះ ដោយសារតែនឹងមានភ្ញៀវលំដាប់កំពូលៗ VIP មិនថាទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ដែលនឹងត្រូវមកចូលរួម។
ទន្ទឹមនឹងនេះ បើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានបង្ហាញឲ្យដឹងថា អតីតនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសពីររូប គឺលោក Boris Johnson និងលោក Tony Blair រួមជាមួយតារាកំពូលរបស់អាមេរិក អ្នកនាង Kim Kardashian និង Khloe Kardashian ក៏ដូចជាប្រធានក្រុមហ៊ុន Samsung Electronics លោក Jay Lee ត្រូវបានគេរំពឹងថានឹងមកចូលរួមក្នុងពិធីមង្គលការកូនប្រុសពៅរបស់ លោក Mukesh Ambani ។
ក្រៅពីនោះ ក៏នៅមានភ្ញៀវកិត្តិយសពិសេសៗមួយចំនួនទៀត ដូចជាអ្នកប្រដាល់កំពូលអាមេរិក លោក Mike Tyson ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក FIFA លោក Gianni Infantino អគ្គនាយកក្រុមហ៊ុនប្រេង Saudi Aramco លោក Amin Nasser នាយកប្រតិបត្តិក្រុមហ៊ុនប្រេង BP លោក Murray Auchincloss ក៏ដូចជា CEO ក្រុមហ៊ុនឱសថ GSK លោកស្រី Emma Walmsley និងនាយកក្រុមហ៊ុនអាកាសចរណ៍ Lockheed Martin លោក Jim Taiclet ផងដែរ។
គួរឲ្យដឹងផងដែរថា ជុំវិញពិធីមង្គលការដ៏ធំជាងគេបំផុតប្រចាំប្រទេសឥណ្ឌានេះ ត្រូវបានគេរំពឹងថានឹងមានភ្ញៀវចូលរួមសរុបប្រមាណ ១ ២០០ នាក់។
ជម្រាបជូនទៀតថា អ្វីដែលកាន់តែពិសេសនោះ បើតាមការបញ្ជាក់ពីលោក Rajan Mehra នាយកប្រតិបត្តិក្រុមហ៊ុនជួលយន្តហោះឥណ្ឌា Club One Air បានបង្ហើបឲ្យដឹងថា មហាសេដ្ឋីលោក Mukesh Ambani បានជួលយន្តហោះប្រភេទ Falcon-2000 ចំនួន ៣ គ្រឿងទុកសម្រាប់ដឹកជញ្ជូនភ្ញៀវមកកាន់ពិធីមង្គលការ ហើយយន្តហោះឯកជនប្រមាណជាង ១០០ គ្រឿងផ្សេងទៀត ក៏ត្រូវបានរំពឹងថានឹងប្រើប្រាស់សម្រាប់កម្មវិធីដ៏ធំនេះផងដែរ៕