អ្នកឧកញ៉ា លី សុភ័ក្ត នៅល្ងាចថ្ងៃទី១២ ខែកក្កដានេះ បានប្រកាសជម្រាបជូនសាធារណៈជនឱ្យបានដឹងថា បញ្ហាវិវាទរវាងអ្នកឧកញ៉ា និងម្ចាស់ Camcar បានដោះស្រាយបញ្ចប់ហើយ ដោយឈរលើស្មារតីយោគយល់គ្នាទៅវិញទៅមក។
នៅលើទំព័របណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន អ្នកឧកញ៉ា បានបញ្ជាក់ដូច្នេះថា៖ “ខ្ញុំបាទ សូមជម្រាបជូនសាធារណៈជនមេត្តាជ្រាបថា ក្រោយការជួបគ្នាដោះស្រាយវិវាទ រវាងប្អូនប្រុស ឡយ ភាល័យ និងរូបខ្ញុំបាទ កាលពីម្សិលមិញ ដោយមានមេធាវី និងសហការីខ្ញុំ។ ពួកយើងបានបញ្ចប់វិវាទដោយប្អូន ឡយ ភាល័យ បានទទួលស្គាល់កំហុស និងបានសុំទោសជាសាធារណៈ និងបានបញ្ចប់ ដោយឈរលើស្មារតីយោគយល់គ្នាទៅវិញទៅមក”។
អ្នកឧកញ៉ា លី សុភ័ក្ត ក៏បានជូនពរ លោក ឡយ ភាល័យ និងក្រុមគ្រួសារ ឱ្យទទួលបានជោគជ័យ និងមានការគាំទ្រកាន់តែច្រើនថែមទៀត។
គួររំឭកថា កាលពីថ្ងៃទី០៩ ខែកក្កដា លើបណ្ដាញសង្គមផ្ទុះការវែកញែកយ៉ាងក្ដៅគគុក ក្រោយម្ចាស់ផេក Camcar Collection បានបង្ហោះសារជាសារធាណៈ ដើម្បីពន្យល់ពីអង្គហេតុពាក់ព័ន្ធ ករណីម្ចាស់រថយន្ត ដែលបានទិញរថយន្ត យកមកទទួលសេវាកម្មកែច្នៃនៅការ៉ាស់របស់ខ្លួន។ ទោះយ៉ាងណា ភាគីទាំងពីរបានបង្ហាញឆន្ទៈក្នុងការសម្របសម្រួលគ្នាដោយសន្តិវិធី និងបានឈានដល់ការបញ្ចប់ករណីវិវាទនេះ ដោយយុទ្ធសាស្ត្រឈ្នះ-ឈ្នះ ទាំងសងខាង៕