យោងតាមនាយកដ្ឋានទេសចរណ៍ (DOT) បាននិយាយកាលពីថ្ងៃទី១១ ខែកក្កដាកន្លងទៅថា ហ្វីលីពីនទទួលបានប្រាក់ចំណូលជាង ៤,៨ពាន់លានដុល្លារ គិតនៅក្នុងឆមាសទី១នៃឆ្នាំ២០២៤ នេះ ពោលគឺបានកើនឡើង ៣២,៨១% បើធៀបទៅនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
លោក Christina Frasco រដ្ឋមន្ត្រីក្រសួងទេសចរណ៍ហ្វីលីពីន បាននិយាយថា ការកើនឡើងនៃប្រាក់ចំណូលនេះ គឺបានរួមចំណែកយ៉ាងខ្លាំងក្នុងជួយសម្រួលជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនហ្វីលីពីន ខណ:នេះក៏បានជំរុញឲ្យសេដ្ឋកិច្ចជាតិកាន់តែមានភាពល្អប្រសើរឡើង ផងដែរ។
បើតាម DOT បានបង្ហាញឲ្យដឹងថា ការមកដល់របស់ភ្ញៀវទេសចរនៅក្នុងប្រទេសរបស់ខ្លួន បានកើនឡើងដល់ ៣,១៧ លាននាក់ គិតត្រឹមដំណាច់ខែមិថុនា ដោយក្នុងនោះមាន២,៩ លាននាក់ជាជនបរទេស ។
កូរ៉េខាងត្បូងជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមភ្ញៀវបរទេសដែលបានមកលេងកម្សាន្តក្នុងប្រទេសហ្វីលីពីនច្រើនជាងគេ ដោយមានចំនួនសរុបជាង ៨០ម៉ឺននាក់ តាមពីក្រោយដោយសហរដ្ឋអាមេរិកមាន មានចំនួនជាង ៥០ម៉ឺននាក់ និងប្រទេសចិនមានជិត ២០ម៉ឺននាក់។
ក្រៅពីនោះ ប្រទេសជប៉ុន អូស្ត្រាលី តៃវ៉ាន់ កាណាដា ចក្រភពអង់គ្លេស សិង្ហបុរី និងម៉ាឡេស៊ី ក៏ស្ថិតក្នុងចំណោមទីផ្សារសំខាន់ៗផ្សេងទៀត នៅក្នុងវិស័យទេសចរណ៍របស់ហ្វីលីពីន ផងដែរ៕