គម្រោងសាងសង់ផ្លូវជាតិលេខ ៧១c ប្រវែង១១៤,៦២គីឡូម៉ែត្រ (គិតចាប់ពីផ្លូវជាតិលេខ៧ ចំណុច PK150+700 ក្នុងខេត្តត្បូងឃ្មុំ ទៅដល់ផ្លូវជាតិលេខ៧១ ចំណុច PK30+400 ខេត្តកំពង់ចាម) បច្ចុប្បន្នសម្រេចបាន ១០០%ហើយ ដោយគ្រោងនឹងសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ។
យោងតាមទំព័រហ្វេសប៊ុករបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា កាលថ្ងៃទី១៥ ខែកក្កដា បានឱ្យដឹងថា ផ្លូវជាតិលេខ៧១C ជាផ្លូវដែលពោរពេញដោយទេសភាពខៀវស្រងាត់ត្រជាក់ភ្នែក មានសភាពធន់ រឹងមាំ ដែលផ្តល់ភាពងាយស្រួល និងចរាចរណ៍ដោយរលូននេះ គិតមកដល់ពេលនេះ សម្រេចការកសាងបាន១០០ភាគរយហើយ។
សម្តេចធិបតី បន្តថា ផ្លូវជាតិដ៏សំខាន់នេះ គឺជាប្រភេទ AC/DBST បច្ចុប្បន្នកំពុងបន្តដំណើរបញ្ចប់ការគូសគំនូសចរាចរណ៍លើដងផ្លូវ ការងារបំពាក់ផ្លាកសញ្ញាចរាចរណ៍ ការងារដាំបង្គោលគីឡូម៉ែត្រ និងកិច្ចការដាំស្មៅការពារការហូរច្រោះដីចំណីផ្លូវ ដោយគ្រោងបញ្ចប់ជាស្ថាពរត្រឹមថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ បន្ថែមពីនេះ ក្រុមហ៊ុនសាងសង់សៀងហៃគ្រុប( SCG) និងទីប្រឹក្សាបច្ចេកទេសក្រុមហ៊ុន ក្វាងចូវ វ៉ាងអាន នឹងបន្តថែទាំ រយៈពេល ២៤ខែបន្ថែម យោងតាមកិច្ចសន្យាសាងសង់។
គួររម្លឹកដែរថា ផ្លូវជាតិលេខ៧១C ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នំា២០២១ ក្រោមហិរញ្ញប្បទានថវិកាពីសាធារណរដ្ឋប្រជាមានិតចិនប្រមាណ ១២៩,៩៨ លានដុល្លារ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាមួយចំនួនផងដែរ៕ អត្ថបទ៖ រង្សី