ការលក់របស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសឥណ្ឌា កើនឡើងដល់ជិត ៨ពាន់លានដុល្លារ

អន្តរជាតិ

យោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានរាយការណ៍ឲ្យដឹងក្នុងពេលថ្មីៗនេះថា ការលក់របស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសឥណ្ឌា បានកើនឡើង ៣៣% ក្នុងរយ:ពេលពេញមួយឆ្នាំ គិតនៅត្រឹមខែមីនាកន្លងទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលនេះ បានបង្ហើបឲ្យដឹងទៀតថា ប្រាក់ចំណូលរបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសឥណ្ឌា បានឈានដល់ចំនួនកណត់ត្រាជិត ៨ពាន់លានដុល្លារ បើធៀបទៅនឹងចំនួន ៦ពាន់លានដុល្លារ ក្នុងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន។

គួរឲ្យដឹងផងដែរថា ក្រុមហ៊ុន Apple ក្នុងរយ:ពេលចុងក្រោយនេះ បានព្យាយាមជំរុញយ៉ាងខ្លាំងទៅលើការផលិតទូរស័ព្ទ iPhone របស់ខ្លួន នៅឥណ្ឌា។ កាលពីឆ្នាំសារពើពន្ធមុន ក្រុមហ៊ុនបានផលិត iPhone ដែលមានតម្លៃរហូតដល់ ១៤ពាន់លានដុល្លារ នៅក្នុងប្រទេសឥណ្ឌា ឬស្មើទៅនឹង ១៤% នៃផលិតកម្ម iPhone សរុបរបស់ខ្លួន។

ជម្រាបជូនផងដែរថា ទូរស័ព្ទ iPhone ភាគច្រើនរបស់ក្រុមហ៊ុន Apple គឺត្រូវបានផលិត នៅក្នុងរោងចក្រ Sriperumbudur ដែលមានចម្ងាយប្រហែលជាង ៤០ គីឡូម៉ែត្រ ពីភាគខាងលិចទីក្រុង Chennai នៃរដ្ឋ Tamil Nadu ៕