នៅដើមឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញបង្កងប៉ាករស់ជាង២តោន ទៅកាន់ប្រទេសចិន។ នេះបើតាមកញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។
សូមរំលឹកថា កាលឆ្នាំ២០២៣ កម្ពុជា បាននាំចេញបង្កងប៉ាកជាលើកដំបូងទៅទីផ្សារចិនចំនួន១តោនហើយរំពឹងថានៅដំណាច់ឆ្នាំនេះ រំពឹងថានឹងមានការបញ្ជាទិញច្រើនពីភាគីចិន។
ពាក់ព័ន្ធនឹងការនាំចេញផលិតផលជលផលផ្សេងទៀត លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិកានិងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងរយៈពេល៥ខែឆ្នាំ២០២៤ កម្ពុជាបាននាំចេញអន្ទង់រស់ទៅចិនចំនួន ០.២០តោន និងនាំចេញកំពឹសបង្កកចំនួន៣៥.៨០តោន។
ចំណែកកាលឆ្នាំ២០២៣ កម្ពុជា បាននាំចេញអន្ទង់បង្កកចំនួន២តោន កំពឹសបង្កកចំនួន៤៧តោន និង បង្កងប៉ាករស់ចំនួន១ តោន។
គួរកត់សម្គាល់ថា នៅដើមឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាបានសម្រេចការនាំចេញផលិតផលជលផលរបស់ខ្លួនចូលទៅកាន់ទីផ្សារប្រទេសចិន បានចំនួន៣៨តោន ក្រោយពីប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា កាលពីឆ្នាំ២០២០។នេះបើយោងតាមរបាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ។
យោងតាមរបាយការណ៍ បានគូសបញ្ជាក់ថា កម្ពុជាបាននាំចេញផលិតផលជលផលចំនួន ៥០តោន ក្នុងឆ្នាំ២០២៣ និង ៣៨តោន កាលពីដើមឆ្នាំ២០២៤នេះ ទៅកាន់ប្រទេសចិនដែរ ។
ក្រៅពីផលិតផលជលផលទៅទីផ្សារចិន កម្ពុជាក៏បាននាំត្រីងៀតចំនួន ៣,៧តោន ទៅកាន់ប្រទេសអូស្រ្តាលីជាលើកដំបូង នៅដើមឆ្នាំ២០២៤នេះផងដែរ។សម្រាប់កម្ពុជា បានចាត់ទុកថានេះ គឺជាលទ្ធផលនៃកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍនានា លើការពង្រឹងគុណភាព សុវត្ថិភាព និងការកែច្នៃផល ផលិតផល ជលផលកម្ពុជា ទាំងសម្រាប់ទីផ្សារក្នុងស្រុក និងបរទេស។
គួរបញ្ជាក់ថា កម្ពុជាសម្រេចបានផលវារីវប្បកម្មសរុបចំនួន ៣១៤ ពាន់តោន ទាំងទឹកសាប និងសមុទ្រ ក្នុងឆ្នាំ២០២៣ ដែលជាការរួមចំណែកកាត់បន្ថយសម្ពាធលើធនធានជលផលធម្មជាតិ កាត់បន្ថយការនាំចូល ទ្រទ្រង់ជីវភាពវារីវប្បករ និងលើកស្ទួយសេដ្ឋកិច្ចជាតិ។ ជាងនេះទៀត កម្ពុជាសម្រេចបានការនាំចេញ ផលិតផលជលផលទាំងស្រស់ និងកែច្នៃរួចចំនួនជិត ៣ពាន់តោន ក្នុងឆ្នាំ២០២២ និងជាង ៣ ៥០០តោន ក្នុងឆ្នាំ២០២៣ ទៅប្រទេសជិតខាង៕ដោយៈសុភក្ត្រា