អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Julapun Amornvivat បាននិយាយកាលពីថ្ងៃចន្ទ ទី១៥ ខែកក្កដាថា រដ្ឋាភិបាលនឹងបែងចែកថវិកាឆ្នាំ២០២៤ និងឆ្នាំ២០២៥ ដើម្បីផ្តល់ហរិញ្ញប្បទានសម្រាប់គម្រោងចែកលុយឌីជីថលដែលមានតម្លៃ ៥០០ពាន់លានបាត (១៣,៨ពាន់លានដុល្លារ) របស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
លោក Julapun បានប្រាប់អ្នកសារព័ត៌មានថា ការផ្តល់មូលនិធិតាមរយ:ការយកចេញពីថវិកាឆ្នាំ២០២៤ និងឆ្នាំ២០២៥ នេះ នឹងត្រូវអនុម័តតាមរយ:កិច្ចប្រជុំគណៈកម្មាធិការដែលដឹកនាំដោយនាយករដ្ឋមន្ត្រី។
ទន្ទឹមនឹងនេះ លោក Julapun បានបន្ថែមទៀតថា ផែនការផ្តល់មូលនិធិនេះ ត្រូវបានគេរំពឹងថានឹងដាក់ជូនគណៈរដ្ឋមន្ត្រី នៅសប្តាហ៍ក្រោយ មុនពេលសេចក្តីប្រកាសព័ត៌មានលំអិតទាំងស្រុង នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៤ ខែកក្កដាខាងមុខ។
គួរឲ្យដឹងថា គម្រោងចែកលុយឌីជីថលនេះ នឹងឃើញប្រជាជនថៃប្រហែល ៥០ លាននាក់ ទទួលបាន ១ម៉ឺនបាតក្នុងម្នាក់ៗ ដើម្បីចាយវាយក្នុងស្រុក រយៈពេលប្រាំមួយខែ ដោយផែនការនេះ គ្រោងនឹងចាប់ផ្តើមតាំងពីត្រីមាសទី៤ មកម្លេះ ប៉ុន្តែត្រូវបានពន្យារពេលបន្តបន្ទាប់ ដោយសាររដ្ឋាភិបាលជួបការលំបាកក្នុងការស្វែងរកប្រភពមូលនិធិ៕