លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស រួមទាំងសហការីរបស់ក្រុមហ៊ុន នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញមកកាន់ទីស្នាក់ការកណ្តាលរបស់ក្រសួងមុខងារសាធារណៈដោយផ្ទាល់ រួមជាមួយនឹងការនាំយកមកនូវផលិតផល ទឹកពិសាកម្ពុជា និងភេសជ្ជៈសរុបដល់ទៅ ២,២៥០កេស ឧបត្ថម្ភជូនទៅកាន់ ក្រសួងមុខងារសាធារណៈ សម្រាប់ទុកប្រើប្រាស់នាឱកាស ដែលក្រសួងនឹងត្រូវរៀបចំការប្រលងជ្រើសរើសគ្រូបង្រៀន ចូលក្របខណ្ឌមន្ត្រីរាជការនេះ។
ការបន្តជួយមិនចេះសំចៃដូច្នេះ បានបង្ហាញឲ្យឃើញអំពីស្មារតី «ខ្មែរ ជួយ ខ្មែរ» និងជាគំរូដ៏អស្ចារ្យ បង្ហាញនូវវប្បធម៌ចែករំលែកនូវគុណប្រយោជន៍ ផ្ដល់ត្រលប់ទៅកាន់សង្គមវិញ យ៉ាងពិតប្រាកដ។ ជាពិសេសបំផុតនោះ គឺជាទឹកចិត្តដ៏ថ្លៃថ្លារបស់ថ្នាក់ដឹកនាំកំពូលៗរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលសរបញ្ជាក់អំពីបេះដូងពោរពេញទៅដោយមនសិកា អភិវឌ្ឍប្រទេសជាតិយ៉ាងពិតប្រាកដ ដ្បិតអីសឹងតែគ្រប់ពេលទៅហើយ ក្រុមហ៊ុនតែងតែសកម្មជានិច្ច ក្នុងការចូលរួមកិច្ចការងារសង្គម ឧបត្ថម្ភទឹកប្រាក់សរុបរហូតដល់ទៅរាប់លានដុល្លារក្នុងមួយឆ្នាំៗឯណោះ។
គួររំលឹកដែរថា កាលពីថ្ងៃទី១០ ខែកក្កដា នាពេលថ្មីៗនេះ ក្រុមហ៊ុន ជីប ម៉ុង ក៏ទើបតែបានឧបត្ថម្ភថវិការហូតដល់ទៅជាង ១លានដុល្លារ ជូនទៅកាន់សមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហៅកាត់ (អ.ម.ត) ។ ទឹកប្រាក់ដ៏ច្រើនសន្ធឹកនេះ មានតម្លៃធំធេងណាស់សម្រាប់សិស្ស និស្សិត ដែលខ្វះខាតជីវភាព ដោយអាចជួយពួកគាត់មិនឲ្យបោះបង់ការសិក្សា ហើយក៏មានន័យថា ក្រុមហ៊ុន ក្លាយជាផ្នែកមួយជួយអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដែលពោរពេញទៅដោយសមត្ថភាពពេញលេញ សម្រាប់លើកកម្ពស់ជីវភាពរស់នៅខ្លួនឯង គ្រួសារ និងឈានទៅអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិទៅថ្ងៃអនាគតផងដែរ។
គួរបញ្ជាក់ដែរថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជារោងចក្រឈានមុខគេនៅកម្ពុជា វិនិយោគដោយសហគ្រិនខ្មែរ១០០% ផលិតនូវផលិតផល «Made in Cambodia» ស្តង់ដារគុណភាពខ្ពស់កម្រិតពិភពលោក។ ខ្មែរ ប៊ែវើរីជីស ទទួលបាននូវមេដាយមាស Monde Selection ៣៧គ្រឿង ច្រើនជាងគេបំផុតនៅកម្ពុជា ពីស្ថាប័នអន្តរជាតិបញ្ជាក់ពីគុណភាពផលិតផល,វិញ្ញាបនបត្រ ISO 9001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងគុណភាព, វិញ្ញាបនបត្រ ISO 14001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងបរិស្ថាន ព្រមទាំងទទួលបានពានរង្វាន់គ្រប់គ្រងច្រវាក់ផលិតកម្មលំដាប់ពិភពលោក (World Class Operation Management)៕