ឧកញ៉ា ឡី សុភាព ប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា (Cambodian Economic Youth Federation Association) បានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងអាណត្តិទី៤ និងត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យទទួលស្គាល់សមាសភាពជាផ្លូវការ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤។
ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ បានធ្វើឡើងក្រោមអធិបតីភាព លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ កាលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤។ ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ មានសមាសភាពសរុបចំនួន ២៧រូប ដែលមាន លោក ម៉ប់ សារិន ជាប្រធានក្រុមប្រឹក្សា។
ឧកញ៉ា ឡី សុភាព មានតួនាទីជាប្រធានសមាគមជាច្រើន ដូចជា៖ ប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា, ប្រធានសមាគមសហព័ន្ធទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា, ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា, ប្រធានសមាគមសម្ពន្ធភាព អង្គការ សមាគម និងវិស័យឯកជននៅកម្ពុជា, ប្រធានសមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា។ លោកឧកញ៉ា ក៏ជានាយកសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា និងជាប្រធានផែនក្រៅប្រព័ន្ធនៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ និងជាប្រធានគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សមូលដ្ឋានយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ។
គួរបញ្ជាក់ថា កាលពីជាង១ឆ្នាំមុន លោក ឡី សុភាព ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្ដល់គោរមងារជា ឧកញ៉ា ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៦២៣/១២១៥ ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣៕