សាធារណៈរដ្ឋនៃប្រទេសលីបេរីយ៉ា ចង់បញ្ជាទិញអង្ករ ដំឡូងមី និងស្វាយចន្ទីពីកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មនៃសាធារណៈរដ្ឋលីបេរីយ៉ា បានបង្ហាញពីគោលបំណងចង់បញ្ជាទិញអង្ករ ដំឡូងមី និងស្វាយចន្ទី ពីកម្ពុជា ខណៈក្រសួងពាណិជ្ជកម្មកម្ពុជា បានបង្ហាញការស្វាគមន៍ និងបានស្នើឱ្យមានការសិក្សាពីតម្រូវការប្រភេទអង្ករ និងផលិតផលកសិកម្មផ្សេងទៀតផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ការបង្ហាញពីបំណងចង់បញ្ជាទិញអង្ករ ដំឡូងមី និងស្វាយចន្ទីពីកម្ពុជាដូច្នេះ ត្រូវបានធ្វើឡើងក្នុងជំនួបប្រជុំទ្វេភាគី  រវាង លោក អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ,លោក សួន វិជ្ជា ទីប្រឹក្សា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម និង លោក សួស អ៊ឹមស៊ូជីវី ទីប្រឹក្សានៃស្ថានបេសកកម្មកម្ពុជា ជាមួយ លោក Amin MODAD រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម និងសហការីនៃសាធារណៈរដ្ឋលីបេរីយ៉ា កាលពីពេលថ្មីៗនេះ។

ក្នុងឱកាសនោះ លោក អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជម្រាបជូនអំពីផលិតផលកសិកម្មដែលមានសក្តានុពលរបស់កម្ពុជា និងលើកឡើងពីទំហំពាណិជ្ជកម្ម ក្នុងការនាំចេញ ជាពិសេសប្រភេទអង្ករ និងបានស្នើឱ្យមានការសិក្សាពីតម្រូវការប្រភេទអង្ករ និងផលិតផលកសិកម្មផ្សេងទៀត ផងដែរ។

ជាមួយគ្នានេះ លោក Amin MODAD រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម និងសហការីនៃសាធារណៈរដ្ឋលីបេរីយ៉ា បានបង្ហាញពីគោលបំណងក្នុងការបញ្ជាទិញអង្ករ ដំឡូងមី និងស្វាយចន្ទី ពីកម្ពុជា និងចង់សិក្សាពីកម្ពុជាក្នុងការរៀបចំ និងគ្រប់គ្រងស្បៀងបម្រុង ការផលិតអង្ករ ព្រមទាំងស្នើសុំឱ្យកម្ពុជាផ្តល់គំរូប្រភេទអង្ករ ស្វាយចន្ទី និងតារាងតម្លៃផងដែរ។

សូមរម្លឹកដែរថា យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម បានបង្ហាញថា ក្នុងឆមាសទី ១ នៃឆ្នាំ២០២៤ ប្រទេសកម្ពុជាបាននាំចេញផលិតផលកសិផលទៅកាន់ទីផ្សារអន្តរជាតិ មានការកើនឡើងប្រមាណ ៥៧.២៨% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។

ផ្អែកតាមរបាយការណ៍ដដែលបានឱ្យដឹងថា ផលិតផលកសិកម្មរបស់កម្ពុជាត្រូវបាននាំចេញទៅកាន់ប្រទេសប្រមាណ ៨០ ជុំវិញពិភពលោក និងបានបង្ហាញថា ប្រទេសចិន វៀតណាម ថៃ និងកូរ៉េ ជាអ្នកបញ្ជាទិញមុខទំនិញកសិកម្មសំខាន់ៗរបស់កម្ពុជា ។

អ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា បានបញ្ជាក់ថា មុខទំនិញកសិកម្មសំខាន់ៗដែលបាននាំចេញនោះមានដូចជា ៖ ស្រូវ អង្ករ កៅស៊ូ ដំឡូងមី ស្វាយ ចេកស្រស់ ម្រេច គ្រាប់ស្វាយចន្ទី ពោត ប្រេងដូង ចំណិតដំឡូងមីក្រៀម ផ្លែមៀនស្រស់ និងកសិផលជាង៧៧មុខផ្សេងទៀតផងដែរ៕ អត្ថបទ៖ រង្សី