ក្នុងរយៈពេល១សប្ដាហ៍ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរជាតិប្រមាណ ២៩៥ ៨៣១នាក់ និងភ្ញៀវទេសចរបរទេសប្រមាណ ៥១ ៣៦៦នាក់។នេះបើយោងតាមប្រភពក្រសួងទេសចរណ៍។
ក្នុងរយៈពេលដូចគ្នានេះ ភ្ញៀវទេសចរបរទេសសរុប ១២ ៩៥៧នាក់ បានទិញបណ្ណចូលទស្សនាតំបន់រមណីយដ្ឋានអង្គរដែលចំនួននេះ កើនឡើង ៦,៦% និងចំណូលសរុប ៥៨៣ ៩៩៤ ដុល្លាអាមេរិក កើនឡើង ៨,៦%។
ក្រសួងទេសចរណ៍បានឱ្យដឹងទៀតថា ជើងហោះហើរអន្តរជាតិចូលមកកាន់ប្រទេសកម្ពុជាសរុប ៤៥៦ ជើងហោះហើរ ក្នុងនោះ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានចំនួន ៣៣៧ ជើងហោះហើរ, អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរមានចំនួន ១០២ ជើងហោះហើរ និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុមានចំនួន១៧ ជើងហោះហើរផងដែរ។
គួររំលឹកថា ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២៤នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបប្រមាណ២,៦៤០,៩៩៩នាក់កើនឡើង២២.១%ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ក្នុងចំណោមទេសចរជាង២លាននាក់នេះ មានភ្ញៀវទេសចរចូលមកតាមផ្លូវអាកាសប្រមាណ ៩៨៦ ៤៣៥ នាក់ ផ្លូវគោកប្រមាណ ១,៦១២,៥៤៧ នាក់ និងផ្លូវទឹកប្រមាណ ៤២,០១៧ នាក់។ចំណែកភ្ញៀវទេសចរផ្ទៃក្នុងសរុបប្រមាណ ១០,៦៨៨,០៧៣ នាក់ ក្នុងនោះភ្ញៀវទេសចរជាជនបរទេសមានចំនួនប្រមាណ ១,៩០៦,៨០០នាក់ កើនឡើង៦៩.១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣៕