BNI កម្ពុជា ដែលជាបណ្ដាញធុរកិច្ចធំមួយ គ្រោងនឹងរៀបចំមហាសន្និបាតប្រចាំឆ្នាំ២០២៤ នៅក្នុងខែសីហា ខាងមុននេះ នៅផ្សារទំនើបអុីអន សែនសុខ ក្រោមប្រធានបទ Breakthrough to level up your business។ ពិធីជួបជុំដ៏ធំ ដែលមានម្ចាស់អាជីវកម្មរាប់ពាន់នាក់ចូលរួមនេះ រៀបចំឡើង ក្នុងគោលបំណងកសាងទំនាក់ទំនងអាជីវកម្ម និងដុសខាត់គំនិតថ្មីៗសម្រាប់សមាជិកជាម្ចាស់អាជីវកម្មទាំងអស់ ដើម្បីបង្កើនសមត្ថភាពអភិវឌ្ឍអាជីវកម្មក្នុងពេលដែលលំបាកនាពេលបច្ចុប្បន្ន។
លោក ឡុក ស្មីតសាមឌី ប្រធាន BNI កម្ពុជា បានមានប្រសាសន៍ថា ៖ “ការរៀបចំមហាសន្និបាត BNI កម្ពុជា ២០២៤ នេះ ជាឱកាសដែលសមាជិកបង្កើតទំនាក់ទំនងជាមួយសមាជិក BNI ទូទាំងប្រទេស និង រៀនសូត្រពី យុទ្ធសាស្ត្ររីកចម្រើនពីវាគ្មិនសំខាន់ៗថ្នាក់ជាតិ និងអន្តរជាតិ។ នៅថ្ងៃនោះផងដែរយើង ក៏មានការផ្ដល់ពានរង្វាន់ទទួលស្គាល់ដល់លោកអ្នកដែលបានខិតខំប្រឹងប្រែងមួយឆ្នាំកន្លងផុតទៅ” ។
BNI គឺជាស្ថាប័ន ដែលជោគជ័យជាងគេបំផុតនៅលើពិភពលោកក្នុងចំណោមស្ថាប័នប្រភេទដូចគ្នា។ បច្ចុប្បន្ននេះ BNI មានជាង 11,204 Chapter ដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេសជាង ៨០ ដែលរួមមានសមាជិកជិត ៣២ម៉ឺននាក់។
សមាជិករបស់ BNI ទូទាំងពិភពលោក កាលពីឆ្នាំ២០២៣ បានបោះឱកាសអាជីវកម្មឲ្យគ្នាចំនួន ១៤,៦ លានឱកាសអាជីវកម្ម ហើយបង្កើតជាប្រាក់ចំណូលបានជាង ២២,១ ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ សមាជិករបស់ BNI នៅកម្ពុជា បានបោះឱកាសអាជីវកម្មឲ្យគ្នាចំនួន ១០ ម៉ឺនឱកាសអាជីវកម្មដែលបង្កើតជាប្រាក់ចំណូលបានជាង ៩៣ លានដុល្លាអាមេរិក ខណៈនៅកម្ពុជាបច្ចុប្បន្នមាន Chapter ចំនួន ៤៧ ហើយមានសមាជិក ១ ៧៨៤ នាក់។
BNI កម្ពុជា ត្រូវបាននាំមកកាន់នៅកម្ពុជា នៅឆ្នាំ ២០១៣ ដោយមានលោក ឡុក ស្មីតសាមឌី គឺជាប្រធាន ហើយបច្ចុប្បន្ន ស្ថាប័ននេះ ត្រូវបានទទួលស្គាល់ថា ជាបណ្ដាញធុរកិច្ចឈានមុខគេមួយនៅកម្ពុជា។
លោក ឡុក ស្មីតសាមឌី បានពន្យល់ថា ការចូលរួមជាសមាជិករបស់ BNI កម្ពុជា មានន័យថា សមាជិកនឹងទទួលបាននូវចំណេះដឹង ដែលអាចយកទៅប្រើប្រាស់ក្នុងការពង្រឹង និងពង្រីកអាជីវកម្មរបស់ខ្លួនឲ្យរីកចម្រើន។
ទន្ទឹមនឹងនេះ ម្ចាស់អាជីវកម្មផ្សេងៗទៀត ក៏មានឱកាសក្នុងការកសាងទំនាក់ទំនងបន្ថែមទៀតជាមួយនឹងសមាជិក ដែលមានស្រាប់ ក៏ដូចជាភ្ជាប់ទំនាក់ទំនងជាមួយនឹងអាជីវកម្មនានា ដែលធ្វើឲ្យពួកគាត់អាចទទួលបាននូវគម្រោងថ្មីៗ ឬអតិថិជនថ្មីៗ ពីកម្មវិធីនេះផងដែរ។
លោក ឡុក ស្មីតសាមឌី បានបន្ថែមថា៖ “ខ្ញុំសូមលើកទឹកចិត្តឲ្យអ្នកដែលមិនទាន់បានស្គាល់ BNI សូមឲ្យគាត់ទៅជួប Chapter ដែលនៅក្បែរគាត់ជាមុនសិន ដូចជានៅភ្នំពេញ សៀមរាប បាត់ដំបង កណ្តាល និងក្រុងព្រះសីហនុ គឺឲ្យពួកគាត់ទៅ មើលសិន ។ បើគាត់ឃើញថា Chapter អាចជួយពង្រីកអាជីវកម្មរបស់គាត់បាន សូមឲ្យគាត់អញ្ជើញចូល។ ហើយការចូល BNI នេះគឺល្អមែនទែន” ។
ក្នុងនាមតំណាងឲ្យ BNI កម្ពុជា លោក ឡុក ស្មីតសាមឌី ក៏បានថ្លែងអំណរគុណដល់ម្ចាស់ឧបត្ថម្ភរបស់មហាសន្និបាតដ៏ធំប្រចាំឆ្នាំ២០២៤ របស់ BNI Cambodia នេះផងដែរ។