កម្ពុជា- ហ្វីលីពីន បានបើកកិច្ចពិភាក្សារួមគ្នា ដើម្បីជំរុញឱ្យមានការតភ្ជាប់ជើងហោះហើរត្រង់ឡើងវិញពីទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន មកកាន់ខេត្តសៀមរាបនៃប្រទេសកម្ពុជា ដើម្បីជំរុញវិស័យទេសចរណ៍ និងវិស័យអាទិភាពមួយចំនួនទៀត។ ការជំរុញនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកស្រីឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។
នាឱកាសនោះ លោកស្រី ឯកអគ្គរដ្ឋទូត បានបង្ហាញនូវការប្ដេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការហ្វីលីពីន-កម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត នៅក្នុងអាណត្តិបេសកកម្មការទូតរបស់លោកស្រីនៅកម្ពុជា។
ជាការឆ្លើយតប សម្ដេចធិបតី ក៏បានរំឭកពីទំនាក់ទំនងការទូតដ៏យូរលង់រវាងកម្ពុជា-ហ្វីលីពីន និងដែលតាមរយៈទំនាក់ទំនងនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរការរីកចម្រើន ហើយសម្ដេចធិបតីជឿជាក់ថា ក្នុងបេសកកម្មការទូតរបស់លោកជំទាវ ទំនាក់ទំនងនេះនឹងកាន់តែត្រូវបានបន្តពង្រឹង និងពង្រីកបន្ថែមទៀត។
សូមបញ្ជាក់ដែរថា តាមរយៈជំនួបនោះ សម្ដេចធិបតី និងលោកស្រី ឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាអំពីការជំរុញវិស័យទេសចរណ៍តាមរយៈការតភ្ជាប់ជើងហោះហើរត្រង់ឡើងវិញពីទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន មកកាន់ខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា, វិស័យអប់រំ និងវិស័យសំណង់ជាដើម។
លើសពីនេះ ភាគីទាំងពីរ ក៏បានប្តេជ្ញាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យជាច្រើន រួមមាន៖ វិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម តាមរយៈការខិតខំបន្ថែមទៀតលើការជំរុញកំណើនទំហំពាណិជ្ជកម្ម ការនាំចេញផលិតផលកសិកម្មផងដែរ។ បន្ថែមពីនេះ ភាគីទាំងពីរ ក៏ពិភាក្សាអំពីការបន្តកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិងសន្ដិសុខជាតិ ដូចជាការធ្វើលំហាត់រួមគ្នា ការបណ្ដុះបណ្ដាល និងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែនជាដើម។
យ៉ាងណាមិញ តាមរយៈកិច្ចសហការនេះ ភាគីទាំងពីរ រំពឹងថា នឹងជំរុញឱ្យទំនាក់ទំនងប្រទេសទាំងពីរ កាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត៕ អត្ថបទ៖ រង្សី