ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឱ្យដឹងថា ការជំនុំជម្រះរឿងក្ដីរបស់របបប្រល័យពូជសាសន៍កម្ពុជា មិនបញ្ចប់ត្រឹមប៉ុណ្ណេះនោះទេ តែត្រូវតែបន្តនូវកិច្ចការមួយចំនួន ខណៈសម្តេចធិបតី ប្រកាសថា នឹងរៀបចំយន្តការថែរក្សាឯកសារសំណុំរឿងរបបប្រល័យពូជសាសន៍ចំនួនជាង ២,៤ លានទំព័រ ដើម្បីទុកជាទ្រព្យសម្បត្តិមនុស្សជាតិផងដែរ។
ការប្រកាសរបស់សម្តេចធិបតីដូច្នេះ នៅក្នុងជំនួបរវាងសម្តេច និងលោក Miguel De Serpa Soares អគ្គលេខាធិការងទទួលបន្ទុកកិច្ចការច្បាប់ និងជាទីប្រឹក្សាច្បាប់របស់អង្គការសហប្រជាជាតិ កាលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤។
នាឱកាសនោះ សម្ដេចធិបតី បានអរគុណចំពោះការគាំទ្ររបស់អង្គការសហប្រជាជាតិក្នុងកិច្ចដំណើរការប្រកបដោយជោគជ័យនៃ អ.វ.ត.ក. ក្នុងរយៈពេល ១៦ ឆ្នាំកន្លងមក។ សម្ដេចធិបតី បញ្ជាក់បន្តថា ការជំនុំជម្រះរឿងក្ដីរបស់របបប្រល័យពូជសាសន៍កម្ពុជា មិនបញ្ចប់ត្រឹមប៉ុណ្ណេះនោះទេ តែត្រូវតែបន្តនូវកិច្ចការមួយចំនួន ដើម្បីជាផលប្រយោជន៍សម្រាប់ប្រជាជនកម្ពុជានាពេលអនាគត ក៏ដូចជាសម្រាប់ពិភពលោកទាំងមូលផងដែរ។
ក្នុងន័យនេះ សម្តេចធិបតី បានបញ្ជាក់ថា៖« រាជរដ្ឋាភិបាលកម្ពុជានឹងរៀបចំនូវយន្តការដ៏សមស្របមួយក្នុងការថែរក្សា និងទុកដាក់នូវឯកសារសំណុំរឿង ដែលមានចំនួនជាង ២,៤ លានទំព័រ ជាបីភាសា (ខ្មែរ បារាំង និងអង់គ្លេស) ដើម្បីទុកជាទ្រព្យសម្បត្តិមនុស្សជាតិ ដល់ពិភពលោកទាំងមូលសម្រាប់ឱ្យអ្នកជំនាន់ក្រោយ ក្នុងការស្វែងយល់ និងសិក្សាអំពីអំពើប្រល័យពូជសាសន៍ និងបញ្ចៀសនូវអំពើប្រល័យពូជសាសន៍ដែលអាចកើតមានឡើងនៅលើពិភពលោក»។
ជុំវិញរឿងនេះ លោក Miguel De Serpa Soares បានបង្ហាញពីចំណាប់អារម្មណ៍ខ្ពស់លើការរៀបចំសម្ភារៈបរិក្ខារ បណ្ណាល័យ និងការក្សាទុកឯកសាររបស់ អ.វ.ត.ក ហើយអង្គការសហប្រជាជាតិនៅតែបន្តសហការជាមួយរាជរដ្ឋាភិបាលកម្ពុជានៅក្នុងការបញ្ចប់មុខងារ ដែលនៅសេសសល់របស់ អ.វ.ត.ក។
គួរបញ្ជាក់ផងដែរថា តាមរយៈជំនួបនោះ សម្តេចធិបតី ក៏បានអះអាងដែរថា សុខសន្តិភាព គឺជាកត្តាមួយមិនអាចកាត់ថ្លៃបាន និងជាកត្តាចម្បងសម្រាប់ជំរុញការអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យ។ ក្នុងន័យនេះ ដើម្បីឱ្យពិភពលោកទាំងមូលមានសុខសន្តិភាព សម្តេចថា គឺយើងទាំងអស់គ្នា ត្រូវរួមគ្នា និងសហការគ្នា ដោយធ្វើយ៉ាងណាបញ្ចៀសឱ្យបាននូវរាល់សង្គ្រាម និងជម្លោះ ដែលអាចកើតមានជាយថាហេតុ៕អត្ថបទ៖ រង្សី