សហគ្រាសធុនមីក្រូ សហគ្រាសធុនតូច និងសហគ្រាសធុនមធ្យម នឹងទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារដូចជាការលើកលែងកម្រៃសេវាចុះបញ្ជីពន្ធដារ ពិន័យទោសទណ្ឌនិងបំណុលពន្ធ ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ពន្ធលើប្រាក់ចំណូល និងការលើកលែងជាច្រើនទៀត។
ការលើកទឹកចិត្តផ្នែកពន្ធដារនេះ នឹងត្រូវអនុវត្ត បន្ទាប់ពីរាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសស្ដីពីការណែនាំអនុវត្តអនុក្រឹត្យស្ដីពីការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហើយប្រកាសនេះមានវិសាលភាពអនុវត្តចំពោះសហគ្រាសធុនមីក្រូ សហគ្រាសធុនតូច និងសហគ្រាសធុនមធ្យម ដែលចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្ត ដើម្បីប្រកបអាជីវកម្មណាមួយក្នុងវិស័យអាទិភាព។
អនុក្រឹត្យនេះមានវិសាលភាព ចំពោះសហគ្រាសស្ថិតក្នុងវិស័យអាទិភាព មានដូចជា លក់ដុំ លក់រាយនិងជួសជុល សេវាកម្មស្នាក់នៅនិងអាហារ សិប្បកម្ម និង សហគមន៍កសិកម្ម។សហគ្រាសធុនមីក្រូ សហគ្រាសធុនតូច និងសហគ្រាសធុនមធ្យម ត្រូវទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារ ដូចខាងក្រោម៖
១. ចំពោះការចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្តក្នុងឆ្នាំ ២០២៣-២០២៨ សម្រាប់សហគ្រាសធុនមីក្រូ ត្រូវបាន លើកលែងកម្រៃសេវាចុះបញ្ជីពន្ធដារ កម្រៃសេវាធ្វើបច្ចុប្បន្នភាពព័ត៌មាន និងកម្រៃសេវាបោះពុម្ពបណ្ណសម្គាល់ការចុះបញ្ជី។
២. ចំពោះការចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៣-២០២៨ សម្រាប់សហគ្រាសធុនតូច ទទួលបានការលើកលែងដូចតទៅ៖ ពិន័យទោសទណ្ឌនិងបំណុលពន្ធ រួមមាន ប្រាក់ពន្ធ ពន្ធបន្ថែម ការប្រាក់ និងការផាកពិន័យជាប្រាក់ ពាក់ព័ន្ធផ្ទាល់នឹងអាជីវកម្មរបស់សហគ្រាស ចំពោះការមិនបានបំពេញអនុលោមភាពកន្លងមកមុនការ ចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្ត, កម្រៃសេវាចុះបញ្ជីពន្ធដារ កម្រៃសេវាធ្វើបច្ចុប្បន្នភាពព័ត៌មាន និងកម្រៃសេវាបោះពុម្ពបណ្ណសម្គាល់ការ ចុះបញ្ជី, ពន្ធប៉ាតង់ នៅពេលចុះបញ្ជីពន្ធដារ, ពន្ធប៉ាតង់ សម្រាប់រយៈពេល ២ឆ្នាំ ក្រោយការចុះបញ្ជីពន្ធដារបានសម្រេច ក្នុងឆ្នាំ២០២៤ ឬឆ្នាំ២០២៥, ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា សម្រាប់រយៈពេល ២ឆ្នាំ ក្រោយការចុះបញ្ជីពន្ធដារ ដោយគិតចាប់ពីឆ្នាំទទួលបានការសម្រេចឱ្យចុះបញ្ជីពន្ធដារ និងឆ្នាំជាប់ពន្ធបន្ទាប់។
៣. ចំពោះការចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៤-២០២៥ សម្រាប់សហគ្រាសធុនមធ្យម ទទួលបានការលើកលែងដូចតទៅ៖ ពិន័យទោសទណ្ឌនិងបំណុលពន្ធ រួមមាន ប្រាក់ពន្ធ ពន្ធបន្ថែម ការប្រាក់ និងការផាកពិន័យជាប្រាក់ ពាក់ព័ន្ធផ្ទាល់នឹងអាជីវកម្មរបស់សហគ្រាស ចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្ត ចំពោះការមិនបានបំពេញអនុលោមភាពកន្លងមកមុនការ, ពន្ធប៉ាតង់ នៅពេលចុះបញ្ជីពន្ធដារ, ពន្ធប៉ាតង់ សម្រាប់រយៈពេល ២ឆ្នាំ ក្រោយការចុះបញ្ជីពន្ធដារបានសម្រេច ក្នុងឆ្នាំ២០២៤ ឬឆ្នាំ២០២៥, ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា សម្រាប់រយៈពេល ២ឆ្នាំ ក្រោយ ការចុះបញ្ជីពន្ធដារ ដោយគិតចាប់ពីឆ្នាំទទួលបានការសម្រេចឱ្យចុះបញ្ជីពន្ធដារ និងឆ្នាំជាប់ពន្ធបន្ទាប់។
ទន្ទឹមនេះ សហគ្រាសធុនមីក្រូ សហគ្រាសធុនតូច និងសហគ្រាសធុនមធ្យម ដែលអាចទទួលបានការលើកទឹកចិត្តផ្នែក ពន្ធដារត្រូវគោរពតាមលក្ខខណ្ឌដូចខាងក្រោម៖ – ចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្តតាមរយៈគេហទំព័រចុះបញ្ជីអាជីវកម្ម ឬដោយផ្ទាល់នៅរដ្ឋបាលសារពើពន្ធ ដែលមិនមែនជាការចុះបញ្ជីដោយឯកតោភាគីរបស់រដ្ឋបាលសារពើពន្ធ, ស្ថិតនៅក្នុងវិស័យអាទិភាព នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចមានចែងក្នុងប្រកាសនេះ៕